្រទេសថៃ ៖ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃ ពុំសប្បាយចិត្តក្រោយពីទាហាន និងពលរដ្ឋខ្មែរមួយក្រុមច្រៀងបទចម្រៀងជាតិ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណប្រាសាទតាមាន់ធំ ។ លោកប្រាប់ថា នឹងដាក់លិខិតតវ៉ាឱ្យចាត់វិធានការតាមរយៈស្ថានទូត ពីព្រោះវាជាតំបន់ត្រួតស៊ីគ្នា និងពុំទាន់កំណត់ព្រំដែនទាំងស្រុង ហើយថៃពុំចង់មានជម្លោះជាមួយកម្ពុជា ដូចពេលកន្លងមក ។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក Phumtham បានលើកឡើងពីករណីទាហាន និងពលរដ្ឋខ្មែរមួយក្រុមច្រៀងបទចម្រៀងជាតិនៅបរិវេណប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរ៉ែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ថា ការពិត នៅបរិវេណនេះជាទឹកដីរបស់ថៃ ប៉ុន្តែពុំទាន់មានបន្ទាត់ព្រំដែនបែងចែកច្បាស់លាស់ ។ ប្រទេសថៃអនុញ្ញាតឱ្យពលរដ្ឋខ្មែរឡើងមកថ្វាយបង្គំ និងគោរពវត្ថុស័ក្តិសិទ្ធិតែប៉ុណ្ណោះ ។
.jpg)
យើងពុំសប្បាយចិត្តទេ ដែលពួកគេឡើងទៅច្រៀងចម្រៀងស្នេហាជាតិ ឬបង្ហាញអត្តសញ្ញាណរបស់ខ្លួន ។ មេបញ្ជាការទាហានថៃបានតវ៉ាបញ្ហានេះរួចហើយ បច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួងការបរទេសថៃស្ថិតនៅទីក្រុងប៉េកាំង ប្រទេសចិន ហើយខ្ញុំនឹងទូរស័ព្ទទៅពិភាក្សាពីបញ្ហានេះ ។ ខ្ញុំគិតថា ប្រទេសទាំងពីរគ្មានជម្លោះទេ ពីព្រោះមន្ត្រីយើងសហការគ្នាល្អ ។ នេះបើតាមការលើកឡើងរបស់លោក Phumtham ។

លោកបន្តថា ករណីនេះ គឺពលរដ្ឋខ្មែរឡើងទៅលេងនៅប្រាសាទតាមាន់ធំ ហើយនាំគ្នាច្រៀង ប៉ុន្តែយើងពុំសប្បាយចិត្ត ដែលពួកគេច្រៀងបទចម្រៀងស្នេហាជាតិ ។ យើងបានបង្ហាញពីគោលជំហរប្រតិកម្មដើម្បីបង្ហាញថា មានតំបន់ចំនួន២ ពុំទាន់កំណត់ព្រំដែនច្បាស់លាស់ ។ កន្លងមក យើងអនុញ្ញាតឱ្យពលរដ្ឋខ្មែរ និងភ្ញៀវទេសចរមកលេងនៅប្រាសាទតាមាន់ធំ ហើយយើងពុំចង់ឱ្យប្រទេសទាំងពីរឈ្លោះគ្នាដូចមុន ។
ដោយឡែក កាលពីថ្ងៃទី១៧ ខែកុម្ភៈ សារព័ត៌មានថៃឈ្មោះ The Better News ផ្សាយថា ពលរដ្ឋខ្មែរស្រមៃថា ទឹកដីជាច្រើនរបស់ថៃ គឺជាអតីតទឹកដីខ្មែរ ដូចជា ៖ ប្រាសាទតាមាន់ធំ ក៏ត្រូវពលរដ្ឋខ្មែរអះអាងថា ជាទឹកដីរបស់ខ្លួន ប៉ុន្តែតំបន់នេះពុំទាន់បានកំណត់ព្រំដែនច្បាស់លាស់ ហើយថៃជាអ្នកថែទាំប្រាសាទ ។ ថៃចិត្តល្អឱ្យពលរដ្ឋខ្មែរមកដើរលេងមើលប្រាសាទ ប៉ុន្តែថៃសុំតែម្យ៉ាង គឺកុំឱ្យខ្មែរមកបង្ហាញថា ខ្លួនជាម្ចាស់ប្រាសាទតាមាន់ធំ ៕










