ប្រទេសជប៉ុន ៖ នៅខែកុម្ភៈ ឆ្នាំ២០២៥ ពលរដ្ឋជប៉ុនពិបាកធ្វើដំណើរយ៉ាងខ្លាំង ដោយសារផ្ទាំងទឹកកកបានធ្លាក់យ៉ាងក្រាស់គ្របដណ្តប់ និងកាត់ផ្តាច់ផ្លូវជាច្រើនខ្សែ ។ អ្នកដំណើរពុំអាចធ្វើដំណើរទៅដល់គោលដៅ ហើយត្រូវសម្រាកនៅតាមផ្លូវ រង់ចាំភ្នាក់ងារសម្អាតផ្ទាំងទឹកកក ខណៈភ្នាក់ងារពិបាកដឹកជញ្ជូនឧបករណ៍សម្អាតមកកាន់កន្លែងព្រិលធ្លាក់ខ្លាំង ។ រីឯការធ្វើដំណើរតាមផ្លូវអាកាស និងរថភ្លើង ក៏ប៉ះពាល់ដូចគ្នាដែរ ដោយសារក្រុមហ៊ុនលុបចោលការធ្វើដំណើរ ។
សារព័ត៌មានបរទេសបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ថា អាកាសធាតុត្រជាក់ និងព្រិលធ្លាក់ខ្លាំងបានគ្របដណ្តប់ស្ទើរគ្រប់តំបន់ទាំងអស់នៅប្រទេសជប៉ុន រហូតធ្វើឱ្យពលរដ្ឋស្លា.ប់ ១៣នាក់ និងរងរបួស១៧៣នាក់ ដោយសារពុំអាចទ្រាំទ្រនឹងអាកាសធាតុត្រជាក់ និងគ្រោះថ្នាក់ចរាចរណ៍ ខណៈភ្នាក់ងារសម្អាតព្រិលពិបាកធ្វើការ ។ លើសពីនេះ ព្រិលធ្លាក់ខ្លាំងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាលុបចោលការធ្វើដំណើរតាមយន្តហោះ និងប៉ះពាល់ការធ្វើដំណើរតាមរថភ្លើង ។.png)
ព្រិលធ្លាក់ខ្លាំងនៅខេត្តហ្វុគុឈិម៉ាក និងឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតប្រទេសជប៉ុន ហើយព្រិលបានធ្លាក់គ្របដណ្តប់លើផ្លូវសំខាន់ៗ និងកាត់ផ្តាច់ការធ្វើដំណើររបស់ពលរដ្ឋ ប្រវែងជាង៥គីឡូម៉ែត្រ ។ ពលរដ្ឋធ្វើដំណើរតាមផ្លូវជាច្រើនបានស្នាក់នៅសណ្ឋាគារ ចំនួន៣កន្លែង ដោយសារពុំអាចធ្វើដំណើរបន្តទៀត ។.png)
អាជ្ញាធរឱ្យដឹងថា ពលរដ្ឋបានបាត់បង់ជីវិត និងរងរបួសជាច្រើននាក់ដោយសារព្រិលធ្លាក់ខ្លាំង ហើយការជួយសង្គ្រោះពលរដ្ឋធ្វើឡើងទាំងលំបាក ដោយសារអាជ្ញាធរពិបាកធ្វើដំណើរតាមផ្លូវ ។ ជំហ៊ានដំបូង អាជ្ញាធរត្រូវប្រមូលកម្លាំងមកសម្អាតព្រិលនៅតាមផ្លូវជាមុន ។ ពលរដ្ឋនៅខេត្តហ្វុគុឈិម៉ាក ពុំធ្លាប់ឃើញព្រិលធ្លាក់ខ្លាំងបែបនេះអស់រយៈពេលជាង១០ឆ្នាំ ហើយពួកគេត្រូវដើរឆ្លងកាត់ព្រិលមានកម្ពស់ខ្ពស់ ខណៈរថយន្តទាំងអស់គ្របដណ្តប់ដោយព្រិល ។ អាជ្ញាធរក៏បានដាស់តឿនពលរដ្ឋផងដែរ ឱ្យប្រុងប្រយ័ត្នការធ្វើដំណើរ ។
ភ្នាក់ងារឧតុនិយមប្រកាសថា ប្រទេសជប៉ុនទទួលឥទ្ធិពលខ្យល់សម្ពាធទាប និងសំណើមកាន់តែខ្លាំង ទើបធ្វើឱ្យព្រិលធ្លាក់ខ្លាំងក្នុងតំបន់ជាច្រើន ។ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ កន្លងមក នៅខេត្តគីហ្វុ និងនីង៉ាតាក់ មានព្រិលធ្លាក់ខ្លាំងរយៈពេល៣ម៉ោង មានកម្ពស់១៦សង់ទីម៉ែត្រ ខណៈខេត្តគុនម៉ាក់ ព្រិលធ្លាក់កម្ពស់១៥សង់ទីម៉ែត្រ ។ ក្រៅពីនេះ មានខ្យល់បក់ខ្លាំង និងទឹករលកខ្ពស់តាមឆ្នេរសមុទ្រជប៉ុន នៅទិសខាងជើង និងខាងលិច ៕










