នៅពេលឃើញវត្តមាន ប៉ីប៉ីឌី នៅទីណាទស្សនិកជនតែងតែសង្កេតឃើញថាមានវត្តមាន ម៉ែសេះ នៅទីនោះដែរ ខណៈអ្នកទាំងពីរបានធ្វើឱ្យទស្សនិកជនសើចសប្បាយតាមរយៈការសម្តែងបែបកំប្លែងៗជាច្រើន។ ការរាប់អានជិតស្និទ្ធប្រៀបដូចជាបងប្អូននិងការចាប់ផ្តើមរបស់អ្នកទាំងពីរគឺចាប់ផ្តើមនៅពេល ម៉ែសេះ ហ៊ានពោលពាក្យនេះទៅកាន់ ប៉ីប៉ីឌី។

នៅក្នុងកម្មវិធី សខ្មៅ ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះ ម៉ែសេះ បានចូលរួមផ្តល់បទសម្ភាសន៍ដោយបានលើកនូវរឿងរ៉ាវជាច្រើនក្នុងជីវិតឃើញថាជាមនុស្សដែលធ្វើឱ្យគេសើចសប្បាយប៉ុន្តែក្នុងជីវិតពិតម៉ែសេះកាលពីមុនរងនូវការរើសអើងជាពិសេសគឺសមាជិកគ្រួសារតែម្តង។ ជាមួយនឹងការរៀបរាប់ពីប្រវត្តិរបស់ខ្លួន ម៉ែសេះ ក៏បានរៀបរាប់ពីដើមហេតុដំបូងៗបានរស់នៅនិងធ្វើការជាមួយ ប៉ីប៉ីឌី ដល់បច្ចុប្បន្ន។

ម៉ែសេះ បាននិយាយថាដំបូងឡើយខ្លួនរស់នៅជាមួយម្តាយបន្ទាប់មកបានរស់នៅជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះថា ម៉ៃកូ ហើយក៏បង្កើតក្រុមរាំ។ ថ្ងៃមួយមានកម្មវិធីសប្បុរសធម៌ចែកសៀវភៅកុមារកំព្រាហើយប៉ះគ្នាជាមួយ ប៉ីប៉ីឌី ហើយខ្លួនហ៊ានទៅនិយាយនៅថ្ងៃសមឆាកលក្ខណៈលេងសើចថា «បងខ្ញុំចង់ថតវីដេអូជាមួយបងដែរ» ដោយសារខ្លួនជាហ្វេនម្នាក់ដែលបានឃើញវីដេអូ ប៉ីប៉ីឌី បាញ់គេនៅលើបណ្តាញសង្គម។ បន្ទាប់ពីនិយាយបែបនេះហើយប៉ីប៉ីឌី ក៏បានយកលេខទូរសព្ទ ចាំហៅថត ហើយក៏បានហៅថតរហូតមកដល់ឥឡូវ មកនៅជាប់ដូចជាបងប្អូន។
ក្នុងនោះដែរ ម៉ែសេះ ក៏បានទម្លាយទៀតថា មនុស្សដូចជា ប៉ីប៉ីឌី គឺមនុស្សមាត់អាក្រក់បន្តិច ប៉ុន្តែចិត្តល្អ ចេះជួយខ្លួនចូលចិត្តស្រលាញ់ ទោះបីជាមាត់អាក្រក់រាងកាច ប៉ុន្តែចិត្តនិងបេះដូងស្រលាញ់ខ្លួនខ្លាំង ប៉ុន្តែមិនឱ្យដឹងចិត្តនោះទេ ចេះជួយគេ ជួយខ្លួនអាចមានលទ្ធផលបង់រំលោះផ្ទះ បង់រំលោះធ្មេញដោយទទួលបានប្រាក់ខែជាប្រចាំពី ប៉ីប៉ីឌី។

ចំពោះសម្ព័ន្ធភាពរវាងអ្នកទាំងពីរក្នុងន័យជាស្នេហាវិញ ម៉ែសេះ បានបដិសេធថាអ្នកទាំងពីររស់នៅជាមួយគ្នាដែលពុំមែនជាទំនាក់ទំនងស្នេហានោះទេហើយពាក្យសម្តីដែលខ្លួនហៅ ប៉ីប៉ីឌី ថា «ប្តី» គ្រាន់តែជាពាក្យនិយាយលេងសើចតែប៉ុណ្ណោះតាំងពីយូរមកហើយមកដល់បច្ចុប្បន្ននេះ៕










