ថ្មីៗនេះសម្រស់ភរិយាតារាចម្រៀង ជា សុជាតិ នៃសមាជិកក្រុម ក្មេងខ្មែរ ទទួលរងការបន្តុះបង្អាប់ពីអ្នកមួយចំនួនស្របពេលអ្នកនាងទើបសម្រាលបុត្ររួចដែលធ្វើឱ្យអ្នកសិល្បៈ និងមហាជនប្រតិកម្មទៅកាន់អ្នកខម្មិននោះយ៉ាងខ្លាំង។ យ៉ាងណា អ្នកនាង រឹម លក្ម្សី បានចេញមកសរសេរលើបណ្តាញសង្គមថានាងមិនខឹងនឹងពាក្យទាំងនោះទេប៉ុន្តែបានកោតសរសើរស្វាមីរបស់ខ្លួនធ្វើគ្រប់បែបយ៉ាងមិនឱ្យនាងពិបាក ខណៈមើលថែកូនទោះមួយយប់គេងបាន១ម៉ោងក្តីក៏មិនដាស់នាងឡើយ។
នៅថ្ងៃទី១២ នេះអ្នកនាង រឹម លក្ម្សី ភរិយាតារាចម្រៀង ជា សុជាតិ បានបង្ហោះរូបភាពជាច្រើនសន្លឹកអមដោយការរៀបរាប់ថា«មិនអីទេមាត់ជារបស់អ្នក អ្នកអាចនិយាយអីក៏បាន មើលងាយរូបសម្រស់ខ្ញុំយ៉ាងណាក៏បាន ខ្ញុំអត់ប្រកាន់ទេ ព្រោះសម្តីរបស់អ្នកគ្មានតម្លៃក្នុងចិត្តខ្ញុំទេ។ ខ្ញុំបែរជាមានអារម្មណ៍ថាខ្លួនឯងមានសំណាងខ្លាំងដែលបានបុរសដែលមិនមានចរឹកដូចជាអ្នកមកធ្វើជាស្វាមីទៅវិញ»។

ការដែលអ្នកនាងនិយាយថាខ្លួនឯងមានសំណាងអ្នកនាង លក្ម្សី ថា ជា សុជាតិ ជាស្វាមីជាអ្នកដាំបាយ ធ្វើម្ហូប លាងចាន បោកខោអាវ ការងារប្រពន្ធលោកធ្វើទាំងអស់មិនឱ្យប្រពន្ធហត់ទេ ការងារប៉ាក្មេកម៉ាក់ក្មេកជួយគ្រប់យ៉ាងមិនដែលប្រកាន់ខ្លួនទេហត់យ៉ាងណាមិនដែលរអ៊ូទេធ្វើបានគ្រប់យ៉ាង។ មិនត្រឹមតែប៉ុណ្ណោះ ជា សុជាតិ និយាយប្រាប់ថាស្រលាញ់នាងរាល់ថ្ងៃ សរសើរប្រពន្ធស្អាត ប្រពន្ធខ្ជូតរាល់ថ្ងៃ មិនថាសម្រស់ប្រពន្ធប្រែប្រួលប៉ុណ្ណា ពេលទម្ងន់មើលថែដូចព្រះនាង មិនចង់ឱ្យប្រពន្ធទៅធ្វើការទេ ចង់ឱ្យសម្រាកឱ្យច្រើន សុខចិត្តហត់ម្នាក់ឯង ចង់ទៅណាក៏ជូនទៅដែរ មិនថាខ្លួនឯងធ្វើការហត់ អស់កម្លាំងប៉ុណ្ណា បើឮប្រពន្ធមិនស្រួលខ្លួនវិញគឺនៅមិនសុខទេភ័យធ្វើអ្វីមិនត្រូវទេ។ 
ភរិយាតារាចម្រៀង ជា សុជាតិ បន្ថែមទៀតថា ពេលនាងសម្រាលហើយយប់ឡើងស្វាមីនាងគេងបានតែ១ម៉ោង មើលកូនដាច់យប់ម្នាក់ឯងរាល់ថ្ងៃក៏មិនដាស់ប្រពន្ធដែរ សុខចិត្តឱ្យប្រពន្ធគេងមិនឱ្យហត់។ ពេលនាងឡើង ២៣គីឡូ នៅតែសរសើរថាប្រពន្ធស្អាតណាស់ ទោះប៉ុន្មានគីឡូក៏នៅតែស្រឡាញ់ នាងស្ថិតនៅលេខរៀងទី១ក្នុងចិត្តជានិច្ច។ អ្នកនាងថា «អ្នកមើលងាយខ្ញុំចុះ ខ្ញុំមិនប្រកាន់ទេព្រោះការលះបង់របស់ខ្ញុំមិនមែនសម្រាប់អ្នកទេ គឺសម្រាប់កូន ប្តីនិងក្រុមគ្រួសាររបស់ខ្ញុំ»។ 
ជាមួយគ្នានេះដែរ អ្នកនាង រឹម លក្ម្សី ក៏បានរៀបរាប់ក្នុងរយៈពេលនៃការពរពោះគឺបានបង្រៀននាងច្រើនណាស់ ទាំងការចាញ់កូន ក្អួតចង្អោរ ពិបាកគេង ពិបាកដើរ ពិបាកឈរ ពិបាកអង្គុយ គិតច្រើន រូបរាងប្រែប្រួល សម្រស់ធ្លាក់ពី100ដល់0 អាចមានជំងឺទាំងផ្លូវកាយនិងផ្លូវចិត្តបន្សល់ទុកក្រោយពេលទម្ងន់ ។ ការឈឺពោះសម្រាលជាអ្វីដែលមនុស្សប្រុសគ្មានថ្ងៃយល់។ កើតជាមនុស្សស្រីគ្មានពាក្យថាងាយស្រួលទេ ឈ្មោះជាម្តាយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីពាក្យមួយឃ្លាគឺ កូនមានសុខភាពល្អ ខណៈ ជា សុជាតិ បាននិយាយដាក់ភរិយា ថាលោកអាណិតប្រពន្ធបើជាលោកវិញមិនដឹថាអាចទ្រាំបានទេនិងថានាងជាមនុស្សពូកែអស្ចារ្យ។
ចុងក្រោយអ្នកនាងលក្ម្សី បានផ្តាំផ្ញើថាអ្នកម្តាយគ្រប់រូបនៅលើពិភពលោកនេះថា«អ្នកគឺជាមនុស្សស្រីពូកែ អស្ចារ្យ និងមហិមាបំផុត អរគុណសម្រាប់ការលះបង់គ្រប់បែបយ៉ាងដើម្បីកូនៗ»៕










