«ភូមិទឹកស្រែ» ដែលមានទីតាំងស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង គឺជាភូមិស្នាក់បែបធម្មជាតិដែលបង្ហាញពីការរស់នៅបែបសាមញ្ញ ងាយស្រួល មិនមានការបែងចែកឋានៈ ហើយពោរពេញទៅដោយបរិយាកាសស្រស់ថ្លា ត្រជាក់ និងស្ងប់ស្ងាត់។ ភូមិនេះជាទីកម្សាន្តដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរផ្សងព្រេង ដែលនិយមចូលចិត្តបោះតង់ ស្ទូចត្រី សម្រាកលម្ហែកាយ ស្រូបយកខ្យល់បរិសុទ្ធ និងជាតំបន់ដ៏មានសក្តានុពលបំផុតមួយផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNAJTUNB8tcWTUfHnRbEsDykLDoRuWs3dmzVM-G5I7pLjzMD6NvAcU4gOxkGyC7pC_KlMFUHVmq_IqUFpQHfzUSFlekVofe7JbIyjEse5x2gJXSWSUQkz1hplbN1KbVq1BGBQ87GncbrRm43Hdj5L6r_VQFmH85F-GbC5nWbasM0e5VqOuNO7DiUGuMwPk/s1440/462692209_834301318916965_5516720985528292644_n.jpg

ដូច្នេះដើម្បីទៅដល់គោលដៅដ៏សែនមនោរម្យនេះ លោកអ្នកត្រូវធ្វើដំណើររយៈពេល ២ ម៉ោងតាមផ្លូវល្បឿនលឿន និងធ្វើដំណើរប្រមាណ ៦ គីឡូម៉ែត្រតាមផ្លូវលេខ ៤៨ ពីស្ពានស្រែអំបិល នោះលោកអ្នកនឹងទៅដល់ «ភូមិទឹកស្រែ» តែម្តង។ កន្លែងទេសចរណ៍នេះគឺនៅកៀកនឹងព្រំប្រទល់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។ នៅពេលទៅដល់ ភ្ញៀវទេសចរនឹងបានឃើញកន្លែងដ៏ស្រស់ស្អាតនៃភូមិទឹកស្រែ ដែលអំណោយផលពីធម្មជាតិ មានវាលស្រែ ដងព្រែក ព្រៃឈើ បក្សាបក្សីហោះហើរទាំងហ្វូងៗ រួមទាំងសត្វអំពិលអំពែកជាច្រើននាពេលរាត្រី ដែលបង្កើតបានជាបរិយាកាសដ៏ទាក់ទាញ និងមិនអាចបំភ្លេចបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnKD1EY3et30SRnYNHEcvEO25z79SddXDXH_0fs3S5vGhoviWTO1KuglaWuugtRseiTKOS8w79QNvYARMl5-CyCxoL5IErYjb4wSFj9KpD7jQl4RwMQXtq1mSrR3LOW_QMIBLNfnybFn2lp4DzrpVDoxZccWFSoQwPQz6vV8Uoz84aw6J0SQeTPYUVme7g/s600/462712496_834301222250308_3718208692080500298_n.jpg

ទេសភាពពណ៌បៃតងស្រស់បំព្រងនៅទីនេះ ក៏ជួយបន្ធូរអារម្មណ៍តានតឹង អារម្មណ៍នឿយហត់ និងបំបាត់រាល់ទុក្ខកង្វល់ទាំងឡាយទាំងពួង សម្រាប់ភ្ញៀវទេសចរដែលបានមកកម្សាន្តផងដែរ។ ក្រៅពីបោះតង់សម្រាកលម្ហែកាយ អាំងសាច់និយាយរឿងក្នុងចិត្តប្រាប់មនុស្សជាទីស្រឡាញ់ ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ លោកអ្នកក៏អាចជិះទូកកម្សាន្ត ជិះកង់គយគន់ធម្មជាតិ ជិះម៉ូតូឡើងភ្នំ ស្ទូចត្រី មើលអំពិលអំពែកនាពេលរាត្រី ជាពិសេសស្រូបយកថាមពលពីខ្យល់អាកាសបរិសុទ្ធបែបធម្មជាតិនៅតំបន់ព្រៃភ្នំថែមទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtcMkDB1sUBvlAxeIZn0rLtzRFiQqEPGce5VZuV_1YoL7OZHwXQSvrLMs-HFThkKXXOruDj2S92chq64XYbdPi4G3pPvIJjvJBM4L9NI0omQAT_ZRncvXHhiYQiZRixlx1xxWc3vMo-uPcWjRGb1-Tw1gDj8Sv3J0_i0b5ogsfeviPg1MRTfnRnMsVIn01/s1280/photo_2025-02-11_11-14-09.jpg

ទោះជាយ៉ាងណាតំបន់នេះមានភ្ញៀវទេសចរតិចណាស់ដែលស្គាល់ ដូច្នេះប្រសិនបើលោកអ្នកបានទៅខេត្តកោះកុង សូមកុំរំលង «ភូមិទឹកស្រែ» ឱ្យសោះបើបានទៅហើយ ដឹងតែជាប់ចិត្តចង់ទៅម្តងទៀត។ ដោយសារនៅទីនេះជាកន្លែងថ្មី មានទេសភាពធម្មជាតិស្រស់ស្អាតណាស់ ហើយក៏ងាយស្រួលសម្រាប់អ្នកដែលធ្លាប់ដើរលក្ខណៈផ្សងព្រេងដែរ មានន័យថា នៅពេលមកដល់ទីនេះលោកអ្នកមិនត្រូវការចំណាយពេលធ្វើដំណើរឆ្ងាយស្ទះចរាចរណ៍នោះទេ ព្រោះតំបន់ភូមិនេះ មានខ្សែផ្លូវដែលងាយស្រួលនិងស្រឡះសម្រាប់ការធ្វើដំណើរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4LkAQb4vhllX_DTk5sjYJmrSwaDx1wYewHvDnhiDZD79OgYtFuxynz2_FPyT0WjtN0224lpB7rKqqreLU0KJ-tbMC_S3Yegc1S4pAihwQI5Vh0EDjDPhjST9m6MkfD6pCiyKR24zO2_kmrgtJGuKfMzhNbpPccNF0FWSziFHfwrd0MIHYPPPhvfkmEwdc/s1280/photo_2025-02-11_11-14-11.jpg