មនុស្សគ្រប់រូប មិនថាប្រុស ឬស្រីនោះទេ សុទ្ធតែប្រាថ្នាចង់បានធ្មេញរឹងមាំ មិនងាយពុកផុយ មិនងាយឈឺធ្មេញផ្តេសផ្តាស់ រួមទាំងសភ្លឺថ្លា និងស្រស់ស្អាតជានិច្ច ដើម្បីបង្កើនសម្រស់របស់ខ្លួនផងដែរ។ កាលណាដែលយើងឈឺធ្មេញ គឺពិតជាពិបាកគ្រប់គ្រងអារម្មណ៍ណាស់ ហើយប្រសិនបើធ្មេញលឿងក៏ជាក្ដីកង្វល់របស់មនុស្សគ្រប់វ័យ ព្រោះពេលញញឹមទៅអាចធ្វើឱ្យបាត់បង់នូវភាពទាក់ទាញ និងទំនុកចិត្តទៀតផង។

នេះបើយោងតាមវេជ្ជបណ្ឌិតថៃនៅទីក្រុងបាងកក Suporn Wongmetanukrok បានឱ្យដឹងថា ឱសថធម្មជាតិទាំង ៤ ខាងក្រោមនេះគឺអាចព្យាបាលធ្មេញឱ្យសស្អាត រឹងមាំ និងមានខ្យល់ដង្ហើមស្រស់ថ្លាដោយខ្លួនឯងបាន៖
១.រមៀត៖ រមៀតមានសារធាតុ curcumin ដែលជាសមាសធាតុប្រឆាំងការរលាក ប្រឆាំងបាក់តេរី ក៏ដូចជាអាចជួយកាត់បន្ថយកំណក និងរលាកអញ្ចាញធ្មេញ។ លើសពីនេះវាក៏ជួយធ្វើឱ្យធ្មេញស មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហាមាត់ធ្មេញ ដូចជាការពុកធ្មេញ និងក្លិនមាត់មិនល្អថែមទៀតផង។ ដូច្នេះអ្នកគ្រាន់តែលាយម្សៅរមៀតបន្តិចជាមួយទឹក ឬប្រេងដូង ដើម្បីបង្កើតជាម្សៅបិទភ្ជាប់ លាបល្បាយលើធ្មេញរបស់អ្នកជាមួយនឹងច្រាសដុសធ្មេញ ទុកចោលពីរបីនាទី រួចលាងទឹកចេញជាការស្រេច។ 
២.ផ្កាក្លាំពូ៖ ផ្កាក្លាំពូមានផ្ទុកសារធាតុ eugenol ដែលជាសារធាតុមាននៅក្នុងប្រេងផ្កាក្លាំពូ។ ប្រេងរបស់វាមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរីដែលបណ្តាលឱ្យមានបន្ទះធ្មេញ និងក្លិនមាត់មិនល្អ។ ហេតុនេះអ្នកត្រូវកិនផ្កាក្លាំពូ ទៅជាម្សៅហើយលាយជាមួយប្រេងអូលីវបន្តិចដើម្បីបង្កើតជាម្សៅបិទភ្ជាប់។ ដុសធ្មេញរបស់អ្នកជាមួយនឹងល្បាយនេះ ឬគ្រាន់តែទំពារស្លឹករបស់វាពីរបីនាទីនោះធ្មេញរបស់អ្នកនឹងស មានខ្យល់ដង្ហើមស្រស់ថ្លា។ ការប្រើប្រាស់វាជាទៀងទាត់អាចជួយរក្សាអនាម័យមាត់ រួមចំណែកធ្វើឱ្យធ្មេញសក្នុងរយៈពេលខ្លី។ 
៣.ស្លឹកម្រះព្រៅ៖ យកស្លឹកម្រះព្រៅមួយបាច់ល្មមទៅហាលថ្ងៃឱ្យស្ងួត បន្ទាប់មកកិនឱ្យទៅជាម្សៅលាយជាមួយថ្នាំដុសធ្មេញដុសធម្មតា។ ម្រះព្រៅមានសមត្ថភាពពិសេសអាចកម្ចាត់ស្នាមលឿងពីធ្មេញ ហើយក៏អាចការពារជំងឺរាក់ស៊ីធ្មេញផងដែរ។ 
៤.អំបិល៖ អ្នកអាចយកអំបិលចំនួនមួយស្លាបព្រាតូច លាយជាមួយទឹកក្រូចឆ្មារ រួចដាក់ថ្នាំដុសធ្មេញដែលមានពណ៌សបន្តិចចូលហើយលាយវាបញ្ជូលគ្នា បន្ទាប់មកអ្នកអាចយកម្រាមដៃបៀក រួចយកមកត្រដុសលើធ្មេញ នោះធ្មេញនឹងសភ្លឺថ្លា។ ទោះជាយ៉ាងណាអ្នកអាចធ្វើបែបនេះចំនួនម្តងក្នុងមួយអាទិត្យបានហើយ នោះអ្នកនឹងអាចឃើញលទ្ធផលដ៏ល្អបំផុត៕










