មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីបុណ្យនេះ ត្រូវបានពុទ្ធសាសនិកគ្រប់ប្រទេសប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃសីលពេញបរមី ១៥កើត ខែមាឃ។

បុណ្យមាឃបូជា ប្រារព្ធឡើងក្នុងគោលបំណងរំលឹកដល់ព្រឹត្តការណ៍សំខាន់២របស់ព្រះសម្មាសម្ពុទ្ធ។

ព្រឹត្តិការណ៍ទី១ គឺនៅពេលដែលព្រះអង្គប្រជុំព្រះភិក្ខុសង្ឃចំនួន១២៥០អង្គ ជាការប្រជុំលើកដំបូងបង្អស់ដើម្បីប្រកាសបង្កើតព្រះពុទ្ធសាសនា នៅឯប្រទេសឥណ្ឌាកាលពីជិត៦០០ឆ្នាំមុនគ្រិស្តសករាជ នាថ្ងៃទី១៥កើត ខែមាឃ ក្រោយព្រះអង្គបានត្រាស់ដឹងបានចំនួន៩ខែ។

ព្រឹត្តិការណ៍ទី២នៃពិធីបុណ្យមាឃបូជា គឺដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធប្រកាសដាក់ព្រះជន្មាយុសង្ខារនៅចំពោះមុខមារ(សត្រូវ)។ ការប្រកាសនេះ កើតឡើងនៅថ្ងៃទី១៥កើត ខែមាឃ ឆ្នាំម្សាញ់ មុនពេលព្រះពុទ្ធចូលព្រះបរិនិព្វាន៣ខែ។

តាមរយៈពិធីបុណ្យមាឃបូជានេះ ព្រះពុទ្ធអង្គបានបង្រៀនមនុស្សឱ្យប្រព្រឹត្តិនូវអំពើល្អដើម្បីទទួលបានសុខភាពផ្លូវចិត្តល្អ។ ម៉្យាងវិញទៀត ក្នុងឋានៈជាពលរដ្ឋរស់នៅក្នុងសង្គមមួយ គឺត្រូវតែចេះស្រលាញ់សាមគ្គី អធ្យាស្រ័យ យោគយល់គ្នាទៅវិញទៅមក មិនរើសអើងប្រកាន់ជាតិសាសន៍ ពណ៌សម្បុរឬសាសនា៕