សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលអាមេរិកស្ថិតក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Donald Trump មានគម្រោងបិទក្រសួងអប់រំ ព្រមទាំងដកអាមេរិកចេញពីភ្នាក់ងារអង្គការសហប្រជាជាតិ ។ ការបិទតួនាទីរបស់ក្រសួងអប់រំ នឹងបែងចែកជា២ផ្នែក គឺរដ្ឋមន្ត្រីក្រសួងអប់រំបង្កើតផែនការកាត់បន្ថយទំហំការងារក្នុងក្រសួង និងជំរុញឱ្យសភាអនុម័តច្បាប់បញ្ចប់ការងាររបស់ក្រសួង ។
លោក Trump បានថ្លែងកាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមកថា លោកនឹងប្រើប្រាស់បទបញ្ជាប្រតិបត្តិដើម្បីបិទក្រសួងអប់រំ ប៉ុន្តែលោកត្រូវតែទទួលបានការគាំទ្រពីសភា និងសហជីពគ្រូបង្រៀនជាមុនសិន ហើយការបិទក្រសួងអប់រំ គឺជាគោលដៅរបស់លោកពេលរកសំឡេងគាំទ្រមុនការបោះឆ្នោត ។ រីឯមន្ត្រីសេតវិមានឱ្យដឹងថា បទបញ្ជាប្រតិបត្តិនឹងចេញនៅខែកុម្ភៈ ដើម្បីឱ្យរដ្ឋមន្ត្រីក្រសួងអប់រំបិទក្រសួង និងអាចពិនិត្យរយៈពេល៩០ថ្ងៃ ព្រមទាំងរង់ចាំមតិពីសភា ។.png)
លោក Trump បានថ្លែងមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា យើងចំណាយប្រាក់យ៉ាងច្រើនជាមួយសិស្សម្នាក់ និងច្រើនជាងប្រទេសផ្សេងៗលើពិភពលោក ប៉ុន្តែយើងបែរជាស្ថិតនៅចំណាត់ថ្នាក់ចុងក្រោយ ។ ដូច្នេះ គួរបណ្តោយឱ្យរដ្ឋនានាគ្រប់គ្រងសាលារៀនដោយខ្លួនឯង ដោយលោកចាត់តាំងឱ្យលោកស្រី Linda McMahon កាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំបិទក្រសួងចោល ។ ប៉ុន្តែព្រឹទ្ធសភាពុំទាន់អនុញ្ញាតឱ្យលោកស្រីកាន់តំណែងនាពេលនេះទេ ។

ពេលកាន់តំណែងជាអ្នកដឹកនាំរដ្ឋាភិបាលអាមេរិកអាណត្តិទី១ លោក Trump ធ្លាប់ស្នើឱ្យក្រសួងអប់រំរួមបញ្ចូលគ្នាជាមួយក្រសួងការងារ ប៉ុន្តែពេលនោះ សំណើនេះពុំអាចឆ្លងកាត់ដំណាក់កាលនីតិប្បញ្ញត្តិ ។ កន្លងមក គណបក្សសាធារណរដ្ឋបានរិះគន់ក្រសួងអប់រំ ដែលស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden យ៉ាងខ្លាំង ជាពិសេស រិះគន់រឿងការលុបចោលបំណុលប្រាក់កម្ចីរបស់សិស្ស និងគោលនយោបាយពាក់ព័ន្ធផ្សេងៗ ។
ការទទួលខុសត្រូវចម្បងក្នុងប្រព័ន្ធអប់រំនៅសហរដ្ឋអាមេរិក គឺអង្គការថ្នាក់រដ្ឋ ឬស្រុក ។ ក្រសួងអប់រំត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៧៩ ក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ដែលមានតួនាទីផ្តល់ប្រាក់ឧបត្ថម្ភក្នុងគម្រោងផ្សេងៗ ដូចជា ៖ គម្រោង Title One បានផ្តល់ប្រាក់ឧបត្ថម្ភពិសេសដល់សាលាដែលមានសិស្សក្រីក្រច្រើន ។
កាលពីថ្ងៃទី៤ ខែកុម្ភៈ លោក Trump បានចុះហត្ថលេខាលើបទបញ្ជាដកអាមេរិកចេញពីភ្នាក់ងារអង្គការសហប្រជាជាតិ ព្រមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) និងទីភ្នាក់ងារជំនួយ និងកិច្ចការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ។ បទបញ្ជានេះ ក៏រួមបញ្ចូលទាំងការពិនិត្យតួនាទីរបស់អាមេរិកក្នុងអង្គការយូណេស្កូ ហើយមន្ត្រីសេតវិមានបញ្ជាក់ថា ការដកខ្លួនចេញរបស់អាមេរិក គឺជាការតវ៉ាទៅភ្នាក់ងារអង្គការសហប្រជាជាតិទាំងនេះដែលអគតិចំពោះអាមេរិក ៕










