ប្រទេសប៉ាណាម៉ា ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump តែងតែដាក់សម្ពាធលើប្រទេសផ្សេងៗ ដើម្បីឱ្យប្រទេសទាំងនោះធ្វើតាមតម្រូវការរបស់លោក ហើយប៉ាណាម៉ា ក៏ដូចគ្នាដែរ ។ លោក Trump បាននិយាយនាពេលកន្លងមកថា នឹងគ្រប់គ្រងប៉ាណាម៉ា ដោយសារប្រទេសនេះទទួលឥទ្ធិពលចិនខ្លាំងពេក ហើយអាមេរិកចង់ដកឥទ្ធិពលចិនចេញ ។.jpg)
កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីប៉ាណាម៉ាបានយល់ស្របចំពោះការលើកឡើងរបស់លោក Trump ដោយសម្រេចចិត្តដកប៉ាណាម៉ាចេញពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ខណៈមន្ត្រីទូតអាមេរិកនិយាយថា នេះហើយជាជោគជ័យរបស់អាមេរិក ។
ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino ប្រកាសកាលពីថ្ងៃទី៦ ខែកុម្ភៈ ថា លោកបានផ្តល់ដំណឹងទៅចិនឱ្យជ្រាបជាផ្លូវការរួចហើយពីការសម្រេចចិត្តដកខ្លួនចេញពីគម្រោងវិនិយោគ និងសាងសង់ខ្នាតធំរបស់ចិនស្របតាមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ក្រោយពីប៉ាណាម៉ាចុះកិច្ចព្រមព្រៀងជាមួយចិន កាលពីឆ្នាំ២០១៧ ។ លោក ពុំជ្រាបពីអ្នកដែលតាំងចិត្តចុះកិច្ចព្រមព្រៀងវិនិយោគជាមួយចិនទេ តើអ្វីដែលប៉ាណាម៉ាទទួលបាននារយៈពេលប៉ុន្មានឆ្នាំនេះ? តើអ្វីដែលល្អបំផុតបានពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់ប៉ាណាម៉ា? ដូច្នេះ លោកសម្រេចចិត្តដកខ្លួនចេញពីគម្រោង ។
មន្ត្រីក្រសួងការបរទេសចិនបានលើកឡើងពីការជ្រៀតជ្រែករបស់អាមេរិកចំពោះការចាប់ផ្តើមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ប៉ាណាម៉ា ដោយការដាក់សម្ពាធ និងបង្ខំ ហើយមន្ត្រីរូបនេះប្រាប់ថា ការសម្រេចចិត្តរបស់ប៉ាណាម៉ាធ្វើឱ្យចិនខកបំណងយ៉ាងខ្លាំង ។ ចិនចង់ឃើញប៉ាណាម៉ាសម្រេចចិត្តបានត្រឹមត្រូវផ្អែកតាមសម្ព័ន្ធភាពទ្វេភាគី និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងចៀសផុតពីការជ្រៀតជ្រែកខាងក្រៅ ។
គួរបញ្ជាក់ថា ការសម្រេចចិត្តដកខ្លួនចេញពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន គឺបានកើតឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកធ្វើដំណើរទស្សនកិច្ចនៅប៉ាណាម៉ា ហើយលើកឡើងពីការបារម្ភរបស់លោក Trump ពាក់ព័ន្ធនឹងចិនមានឥទ្ធិពលកាន់តែខ្លាំងលើប៉ាណាម៉ា ។ មន្ត្រីទូតអាមេរិកបានហៅការដកខ្លួននេះថា ជាជោគជ័យរបស់អាមេរិក ។
ប៉ាណាម៉ា គឺជាប្រទេសអាមេរិកឡាទីនដំបូងគេ ដែលបានចូលរួមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្រោយពីប៉ាណាម៉ាផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់មិនយូរប៉ុន្មានកាលពីឆ្នាំ២០១៧ ហើយប្រកាសទទួលស្គាល់អធិបតេយ្យភាពចិនលើតៃវ៉ាន់ ៕










