សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ មហាសេដ្ឋីអាមេរិក លោក Elon Musk ប្រធានក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) បានស្នើឱ្យបិទវិទ្យុសំឡេងសហរដ្ឋអាមេរិក Voice of America (VOA) និងវិទ្យុអឺរ៉ុបសេរី Radio Free Europe/Radio Liberty (RFE/RL) ដោយលោកអះអាងថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរល្អ ប៉ុន្តែខ្ជះខ្ជាយថវិការបស់អ្នកបង់ពន្ធ ហើយសម្បូរពួកសកម្មជនឆ្វេងនិយម ។
វិទ្យុអឺរ៉ុបសេរី (RFE/RL) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៥០ ដើម្បីផ្សព្វផ្សាយការឃោសនាគាំទ្រអាមេរិក និងប្រឆាំងសូវៀតនៅអឺរ៉ុប ហើយដំណើរការដំបូងដោយទីភ្នាក់ងារសម្ងាត់ CIA ។ រីឯវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៤០ ដើម្បីប្រឆាំងនឹងការឃោសនារបស់ណាស៊ី ហើយផ្លាស់ប្តូរទៅសហភាពសូវៀត នៅឆ្នាំ១៩៤៧ ។.png)
វិទ្យុទាំងពីរនេះបានទទួលថវិកាឧបត្ថម្ភពីសភា និងរដ្ឋាភិបាលអាមេរិកជាអ្នកគ្រប់គ្រងដោយផ្ទាល់ ហើយវិទ្យុទាំងពីរស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (United States Agency for Global Media – USAGM) ដែលជាភ្នាក់ងាររបស់រដ្ឋាភិបាលកណ្តាល ។
សំណើបិទវិទ្យុទាំងពីររបស់លោក Elon Musk ស្របនឹងការយល់ឃើញរបស់លោក Richard Grenell បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានរិះគន់វិទ្យុទាំងពីរលើបណ្តាញសង្គម X កាលពីថ្ងៃទី៩ ខែកុម្ភៈ កន្លងមកថា ៖ «វិទ្យុទាំងពីរជាប្រព័ន្ធផ្សព្វផ្សាយចាយវាយថវិការបស់អ្នកបង់ពន្ធអាមេរិក និងមានរដ្ឋាភិបាលជាម្ចាស់ ប៉ុន្តែវិទ្យុទាំងនេះសម្បូរពួកសកម្មជនឆ្វេងនិយម ។ យើងពុំត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលចាយវាយថវិការដ្ឋាភិបាលទេ» ។
លោក Elon Musk ក៏បានឆ្លើយតបក្នុងបណ្តាញសង្គម X ថា ៖ «មែនហើយ បិទវិទ្យុទាំងពីរទៅ ពីព្រោះបច្ចុប្បន្ន អឺរ៉ុបមានសេរីភាពហើយ គ្មានអ្នកណាស្តាប់វិទ្យុទាំងនេះទៀតទេ ។ វានៅសេសសល់តែពួកឆ្វេងនិយមឆ្កួតៗដែលនិយាយជាមួយខ្លួនឯង ហើយខ្ជះខ្ជាយថវិការបស់អ្នកបង់ពន្ធអាមេរិក ចំនួន១,០០០លានដុល្លារក្នុង១ឆ្នាំ» ។.png)
រយៈពេលប៉ុន្មានឆ្នាំនេះ លោក Elon Musk និងលោក Grenell បានជំទាស់យ៉ាងខ្លាំងរឿងការស្វែងរកថវិការបស់រដ្ឋាភិបាលអាមេរិកដើម្បីផ្តល់ឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ដោយពួកគេអះអាងថា ពុំគួរយកថវិការបស់អ្នកបង់ពន្ធមកឧបត្ថម្ភប្រព័ន្ធផ្សព្វផ្សាយទេ ។ ក្រុមការងាររបស់លោក Elon Musk បានស្វែងរកវិធីលុបចោលការឧបត្ថម្ភប្រាក់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ហើយលោករិះគន់រដ្ឋាភិបាលដែលផ្តល់ប្រាក់ឱ្យប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចជា ៖ Politico AP និង New York Times ៕










