ខ្វិតជាផ្លែឈើមួយប្រភេទ ដែលសម្បូរមានណាស់នៅក្នុងប្រទេសកម្ពុជាយើង និងពេញនិយមបំផុតក្នុងការទទួលទាន ដោយយើងអាចទទួលទានបានទាំងខ្ចី ចាស់ និងទុំ គ្រាន់តែខ្វិតខ្ចីមានរសជាតិចត់ ផ្លែចាស់ និងទុំ មានរសជាតិផ្អែមឆ្ងាញ់។ ទោះជាយ៉ាងណាផ្លែឈើនេះមិនមែនសម្បូរមានរាល់ថ្ងៃនោះទេ ពោលគឺវាមានទៅតាមរដូវកាលប៉ុណ្ណោះ។ ប៉ុន្តែតើលោកអ្នកដឹងទេថា ផ្លែខ្វិតក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់យើងផងដែរ។

នេះបើយោងតាមការវិភាគពីសកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មមួយឈ្មោះថា Bengaluru នៅប្រទេសឥណ្ឌា គេរកឃើញថា ផ្លែខ្វិតមានសារធាតុសំខាន់ៗជាច្រើនដែលល្អចំពោះសុខភាព ដូចជាសារធាតុសរសៃ វីតាមីនសេ និងសារធាតុរ៉ែ។ ដោយសារភាពសម្បូរទៅដោយសារធាតុចិញ្ចឹមនេះហើយ ទើបគេចាត់ទុកថា ផ្លែខ្វិតគឺជាផ្លែឈើដ៏អស្ចារ្យមួយ (super food)។ ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ផ្លែខ្វិត៖

១.ល្អសម្រាប់សុខភាពថ្លើម និងតម្រងនោម៖ ផ្លែខ្វិតមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុមួយចំនួន ដែលប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរី ហើយថែមទាំងជួយធ្វើឱ្យដំណើរការមុខងារផ្សេងៗ នៃរាងកាយមានលក្ខណៈកាន់តែល្អប្រសើរឡើងផងដែរ។ ផ្លែខ្វិតជាប្រភពដ៏ល្អនៃសារធាតុ Betacarotene សារធាតុ Thiamine និង Riboflavin ដែលជួយពង្រឹងសុខភាពថ្លើម ហើយសាច់ខ្វិតក៏ដើរតួនាទីជាសារធាតុបន្សាបជាតិពុលផ្សេងៗ បែបធម្មជាតិ ដែលជួយការពារសុខភាពតម្រងនោម និងថ្លើម។ 
២.គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម៖ ផ្លែខ្វិត គឺមានប្រយោជន៍ណាស់ក្នុងការគ្រប់គ្រងសារធាតុ Fluoride ដែលជាសារធាតុបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ដូច្នេះសាច់ខ្វិត មានផ្ទុកសមាសធាតុដូចជា Saponins, Phytosterols, Flavonoids និង Ascorbic Acid ដែលមានប្រសិទ្ធភាពគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។ ហេតុនេះការទទួលទានផ្លែខ្វិត អាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។ 
៣.ព្យាបាលពស់ចឹក និងឃ្មុំទិច៖ តាំងពីសម័យបុរាណមក នៅក្នុងប្រទេសឥណ្ឌា សម្បកដើមខ្វិតត្រូវបានគេប្រើសម្រាប់ព្យាបាលពស់ចឹក ហើយសម្បកផ្លែខ្វិតវិញ គឺប្រើសម្រាប់ព្យាបាលឃ្មុំទិច។ 
៤.ជួយរំលាយអាហារ៖ ការទទួលទានផ្លែខ្វិតទុំ អាចជួយទប់ស្កាត់បញ្ហាទល់លាមកបានយ៉ាងមានប្រសិទ្ធភាព តាមរយៈសារធាតុ Laxative ដែលវាមាន។ ផ្លែខ្វិត ក៏ជួយកម្ចាត់ប៉ារ៉ាសិតក្នុងពោះវៀន និងជាឱសថមួយដ៏ល្អសម្រាប់ព្យាបាលជំងឺរំលាយអាហារផងដែរ។
៥.ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមច្រើនប្រភេទ៖ ផ្លែខ្វិតមានផ្ទុកសារធាតុ Carbohydrates និងប្រូតេអ៊ីន រួមទាំងវីតាមីន A, B, C និងជាតិកាល់ស្យូម ក៏ដូចជាផូស្វ័រ រួមទាំងជាតិសរសៃ ដែលជួយរក្សាសុខភាពរាងកាយឱ្យល្អ រឹងមាំ ចៀសផុតពីជំងឺផ្សេងៗ។ ទោះជាយ៉ាងណា សូមកុំទទួលទានច្រើនពេក ព្រោះវាក៏អាចបណ្តាលឱ្យលោកអ្នកហើមពោះ ឈឺពោះ និងឈឺបំពង់កបាន៕










