រដ្ឋបាលខេត្តតាកែវ បានបញ្ចេញគម្រោងរៀបចំសាងសង់ប្រាសាទមួយ ស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ ដើម្បីទុកជាទីសកា្ករៈគោរពបូជា និងទាក់ទាញភ្ញៀវទេសចរណ៍។
បើតាម ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងថា៖”គម្រោងរៀបចំសាងសង់ប្រាសាទមួយកន្លែង នៅកណ្ដាលបឹងតាកែវ គ្រោងនឹងចំណាយថវិកាប្រមាណជាង ២លានដុល្លារ ដោយមិនប្រើប្រាស់ថវិកាជាតិឡើយ ពោលគឺជាថវិកាដែលបានមកពីការចូលរួមពីបណ្ដាសប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស”។
ការកសាងប្រាសាទនេះ គឺដើម្បីទុកជាទីសកា្ករៈគោរពបូជា ពិសេសទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកម្សាន្តខេត្តតាកែវកាន់តែច្រើន ក៏ទុកជាកេរ្ដិ៍ដំណែលតកូនចៅរាប់សិបជំនាន់ទៀត។.png)
ក្រៅតែពីគម្រោងសាងសង់ប្រាសាទនៅកណ្ដាលបឹងតាកែវ អាជ្ញាធរខេត្ត ក៏នឹងរៀបចំផ្លូវក្រវ៉ាត់បឹងតាកែវមួយទៀតរួមជាមួយ សួនច្បារ និងដើមឈើអមសងខាងផ្លូវ ដែលមានប្រវែងសរុបប្រមាណជាង១០គីឡួម៉ែត្រ សម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ កន្លែងជិះកង់កម្សាន្ត សម្រាកលំហែរក្រោយទំនេរពីការងារផងដែរ។
ក្រោយសាងសង់រួច ក្រុងដូនកែវ ដែលជាបេះដូងនៃខេត្តតាកែវ នឹងប្រែមុខមាត់ថ្មី អាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនឡើងថែមទៀត៕










