Sagrada Familia គឺជាព្រះវិហារដ៏ចំណាស់មួយដែលសាងសង់តាំងពីឆ្នាំ ១៨៨២ រហូតមកដល់បច្ចុប្បន្ននៅតែមិនទាន់បញ្ចប់ជាផ្លូវការនោះទេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Amigo Tours។
ព្រះវិហាររបស់អេស្ប៉ាញ ដែលស្ថិតនៅទីក្រុង Barcelona បច្ចុប្បន្នគឺទាក់ទាញការចាប់អារម្មណ៍ខ្លាំងណាស់ ទោះបីជាព្រះវិហារនេះមិនទាន់បញ្ចប់ការសាងសង់នៅឡើយក៏ដោយ។ មូលហេតុដែលព្រះវិហារ Sagrada Familia នៅតែបន្តសាងសង់ឥតឈប់ឈរគឺដោយសារហេតុផលទាំងនេះ។ 
នៅអំឡុងឆ្នាំ ១៨៨២ លោក Antoni Gaudí ដែលជាស្ថាបត្យករដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្រ្តពិភពលោក មានគំនិតចង់សាងសង់ព្រះវិហារគ្រិស្តសាសនាដែលមានកម្ពស់ខ្ពស់ជាងគេលើភពផែនដី។ នៅពេលនោះលោកបានចំណាយពេល ៤២ ឆ្នាំលើការសាងសង់ដោយបានបង្កើតស្នាដៃដ៏អស្ចារ្យមួយ មានន័យថា ព្រះវិហារ Sagrada Familia គឺខ្ពស់ជាងគេកាលពីសម័យមុន។ 
ប៉ុន្តែមកដល់បច្ចុប្បន្នព្រះវិហារនេះគឺមានកម្ពស់ទាបជាងគេ ដោយសារបច្ចេកវិទ្យាជឿនលឿន អាគារផ្សេងៗដែលទើបតែសាងសង់ថ្មីៗគឺមានកម្ពស់ខ្ពស់ខ្លាំងណាស់។ ដូច្នេះព្រះវិហាររបស់អេស្ប៉ាញនៅតែបន្តសាងសង់ឥតឈប់ឈរមកដល់បច្ចុប្បន្ននេះ ដោយកំណត់គោលដៅចង់ក្លាយជាព្រះវិហារដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក។ 
ទោះបីមិនទាន់បញ្ចប់ការសាងសង់ជាផ្លូវការក៏ដោយ ព្រះវិហារចំណាស់ដែលមានអាយុកាល ១៣៦ ឆ្នាំនៅតែបើកទ្វាដើម្បីស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ឱ្យមកទស្សនានូវរចនាសម្ព័ន្ធដ៏សម្បូរបែប រូបចម្លាក់ច្នៃប្រឌិតដ៏ទំនើប ភាពស្រស់ស្អាតបែបបុរាណ និងសម័យ ក៏ដូចជាមានជណ្តើយន្តសម្រាប់ឡើងទៅលើប៉មខ្ពស់ៗ រួមទាំងមានអ្វីពិសេសៗជាច្រើនទៀតផងដែរ។ គួរបញ្ជាក់ដែរថា Sagrada Familia ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូថាជាតំបន់បេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ១៩៨៤៕










