ក្រោយពីតារាចម្រៀង ជី ដេវីត ចេញលិខិតជូនដំណឹងទៅកាន់អ្នកគាំទ្រនិងសាធារណជននឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះផេក «អាក្លូ» ដែលនិយាយប៉ះពាល់ទៅកាន់កូនរបស់ខ្លួនដែលពុំទាន់ដឹងក្តីនិងប៉ះទង្គិចផ្លូវចិត្តភរិយារបស់ខ្លួន ផេកនេះក៏បានចេញមកសូមទោសផងដែរ។ ទោះយ៉ាងណាការសូមអភ័យទោសនេះ ជី ដេវីត មិនអាចពន្លត់កំហឹងរបស់ខ្លួននោះទេលោកថាឱ្យហែកមេឃរត់ កិត្តិយសប្រពន្ធកូនលោកស្មើនឹងជីវិតលោក។

នៅថ្ងៃទី៩ កុម្ភៈ តារាចម្រៀង ទេព បូព្រឹក្ស បានចេញមក live ទាំងទឹកភ្នែកពេញដោយអារម្មណ៍ឈឺចាប់ក្នុងនាមជាម្តាយមួយរូបដែលកូនរបស់ខ្លួនពុំទាន់ដឹងក្តីត្រូវបានផេកមួយយកទៅ Toll កម្សាន្តទាញចូលទៅក្នុងរឿងចម្រូងចម្រាសបទចម្រៀង Diss Track របស់ ជី ដេវីត ។ នៅក្នុងការ Live ជាង៣៥នាទីរបស់ ទេព បូព្រឹក្ស ជី ដេវីត បាននិយាយពាក្យចុងក្រោយមុននឹងបិទ Live ថា «រឿងរបស់លោកទាំងអស់ លោកទទួលខុសត្រូវខ្លួនឯងបើសិនជាប៉ះលោក លោក Okay អាចត្រសមត្រសងគ្នាបាន តែបើប៉ះគ្រួសារលោកឬកូនលោក លោកឱ្យហែកមេឃរត់ចុះ..»។
លុះនៅពេលយប់ឡើង តារាចម្រៀង ជី ដេវីត បានចេញសេចក្តីជូនដំណឹងជាផ្លូវការថា ផេក «អាក្លូ» តែងតែបង្ហោះឃ្លីបវីដេអូក្នុងគោលបំណងឌឺដង ផ្លែផ្កាដល់លោក និងក្រុមគ្រួសារទាំងមូលជារឿយៗ ជាក់ស្តែងមកដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រហ្វេសប៊ុក ខាងលើបានបង្ហោះឃ្លីបវីដេអូមួយទៀតដោយមានចំណងជើងថា «Diss រាក់កំភែល» ដោយក្នុងវីដេអូនោះទៀតសោតបានបង្ហាញពីចេតនាដោយផ្ទាល់មកកាន់ ក្រុមគ្រួសារលោក ជាពិសេស គឺកូនប្រុសរបស់លោក តែម្តង ដោយខ្លឹមសារក្នុងវីដេអូនោះបានប្រើពាក្យសម្តីអសីលធម៌ថា «មិនដូចអាអ្នក ខ្លះ កូនកើតមកទាន់ម៉ែឪការ» ។ 
ខ្លឹមសារនេះបាន បង្កឥទ្ធិពលអាក្រក់ដល់កេរ្តិ៍ឈ្មោះ កិត្តិយសរបស់លោកជាអ្នកសិល្បៈជាពិសេសកូនរបស់លោកផ្ទាល់តែម្តង លោកបានធ្វើការពិភាក្សាជាមួយមេធាវីផ្ទាល់ខ្លួនរបស់លោកដោយត្រៀមនូវរាល់ចំណាត់ការបន្តចំពោះករណីខាងលើនេះក្នុងដែនកំណត់នៃច្បា ប់ផងដែរ។ ចំណាត់ការនឹងចាត់វិធានការតាមផ្លូវច្បាប់នេះបានធ្វើឱ្យសាធារណជនអ្នកក្នុងចង្កោមសិល្បៈពេញចិត្តនឹងគាំទ្រនូវអ្វីដែល ជី ដេវីត ធ្វើក្នុងនាមជាឪពុកមេគ្រួសារ ចេញមកការពារកិត្តិយសប្រពន្ធកូនរបស់ខ្លួន។ 
ទន្ទឹមនឹង ជី ដេវីត ប្រកាសថានឹងចាត់វិធានការតាមច្បាប់ទាមទារយុត្តិធម៌កិត្តិយសប្រពន្ធកូនខ្លួនស្រាប់តែផេក អាក្លូ បានចេញលិខិតសូមទោសជាទៅកាន់តារាចម្រៀងទាំងពីររូប ដែលជាកំហុសអចេតនាបានធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកទាំងពីរដោយសន្យាថានឹងកែប្រែឥរិយាបថនេះ ព្រមទាំងត្រួតពិនិត្យនូវរាល់ពាក្យពេចន៍នីមួយៗមុនពេលផលិតវីដេអូលើកក្រោយទៀត។
ទោះយ៉ាងណា ការចេញសូមទោសនិងសន្យាបែបនេះក្តីមិនបានធ្វើឱ្យ តារាចម្រៀង ជី ដេវីត ពន្លត់កំហឹងបានឡើយដោយ ជី ដេវីត បានចែករំលែកលិខិតនោះដោយភ្ជាប់មកជាមួយពាក្យសម្តីថា គឺមានតែហែកមេឃបានទើបរួចខ្លួន។ លោកបានសង្កត់ធ្ងន់ថា លោកនឹងឱ្យស្គាល់កិត្តិយសប្រពន្ធកូនលោកគឺជីវិតលោក ដោយប្រាប់អ្នកតំណាងរបស់ផេកខាងលើឱ្យដូររូបជាមួយថ្នាក់ដឹកនាំចេញផង៕










