កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេស៣ រួមមាន ៖ កូរ៉េខាងត្បូង អូស្ត្រាលី និងអ៊ីតាលី បានបិទកម្មវិធី AI របស់ចិន DeepSeek នៅលើឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធកុំព្យូទ័រ ដោយសារបារម្ភពីការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ ខណៈអ្នកគ្រប់គ្រងកម្មវិធីនេះពុំអាចបកស្រាយឱ្យច្បាស់លាស់ពាក់ព័ន្ធនឹងការគ្រប់គ្រងកម្មវិធី និងសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ។
.png)
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានកំណត់ឱ្យបិទការប្រើប្រាស់កម្មវិធី AI ចិន DeepSeek នៅលើឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធកុំព្យូទ័រទាំងអស់ ដែលតភ្ជាប់ជាមួយអ៊ីនធើរណេត ។ រីឯក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានប្រកាសនាពេលដំណាលគ្នាថា បានបិទការប្រើប្រាស់កម្មវិធី DeepSeek របស់ចិននៅលើកុំព្យូទ័រទាំងអស់របស់មន្ត្រីក្រសួងពាណិជ្ជកម្មដោយគ្មានការកំណត់ ដោយសារកម្មវិធីនេះពុំអាចការពារទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ ។
ដោយឡែក នាពេលថ្មីៗនេះ ក្រសួងមហាផ្ទៃអូស្ត្រាលីបានប្រកាសហាមដោនឡូតកម្មវិធី DeepSeek នៅលើឧបករណ៍អេឡិចត្រូនិក និងឧបករណ៍ទំនាក់ទំនងគ្រប់ប្រភេទរបស់រដ្ឋាភិបាល ។ បើបានដោនឡូតរួចហើយនៅលើឧបករណ៍ណាមួយ ក្រសួងសូមឱ្យលុបចោលជាបន្ទាន់ ដោយសារការវាយតម្លៃរបស់ភ្នាក់ងារជំនាញបង្ហាញថា DeepSeek មានផលប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់ និងពុំអាចទទួលយកបាន ។
.png)
ចំណែករដ្ឋាភិបាលអ៊ីតាលី ក៏បានបិទការប្រើប្រាស់កម្មវិធី DeepSeek ដូចគ្នាដែរ កាលពីខែមករា ឆ្នាំ២០២៥ ដោយលើកហេតុផលថា អ្នកគ្រប់គ្រងកម្មវិធីនេះពុំអាចបកស្រាយឱ្យច្បាស់លាស់ពាក់ព័ន្ធនឹងការគ្រប់គ្រងកម្មវិធី និងពុំអាចលាក់បាំងទិន្នន័យផ្ទាល់ខ្លួន ។.png)
DeepSeek បានក្លាយជាកម្មវិធីដ៏ពេញនិយមយ៉ាងឆាប់រហ័សនៅបណ្តាប្រទេសរីកចម្រើន ប៉ុន្តែអ្នកជំនាញសន្តិសុខអ៊ីនធើរណេតអះអាងថា កម្មវិធីនេះលាក់លេខកូដដើម្បីបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យ China Mobile ជាក្រុមហ៊ុនទូរគមនាគមន៍របស់រដ្ឋាភិបាលចិន ។ ហេតុនេះ ចិនអាចចូលមើលទិន្នន័យលម្អិតតាម App ផ្សេងៗរបស់ក្រុមហ៊ុនចិន ។ 
ប្រទេសនានាបានបិទ DeepSeek ដោយសារបារម្ភពីការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ ដូចគ្នានឹងការបិទ TikTok ព្រោះមូលហេតុដូចគ្នា ។ ប៉ុន្តែក្រសួងការបរទេសចិនបានបដិសេធនឹងការលើកឡើងនេះ និងបញ្ជាក់ថា រដ្ឋាភិបាលចិនពុំបានបង្ខំឱ្យក្រុមហ៊ុន ឬបុគ្គលណាម្នាក់ប្រមូលទិន្នន័យអ្នកប្រើប្រាស់ដោយខុសច្បាប់ទេ ៕










