ប្រាសាទនគរបាជ័យ គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយដែលស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចម្ងាយប្រមាណ ១២២ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចនាបថបាយ័ន ហើយឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ 
បច្ចុប្បន្នរមណីយដ្ឋានប្រាសាទនគរបាជ័យ គឺជាទឹកដីដ៏ពិសិដ្ឋ បានកំពុងទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ឱ្យមកទស្សនាជាហូរហែរ និងជាប្រាសាទដ៏ល្អឯកមួយដែលតែងតែស្ថិតក្នុងដួងចិត្តរបស់ប្រជាជនខ្មែរគ្រប់ៗរូប។ ប្រាសាទនេះមានរាងជាចតុកោណកែង បែរមុខទៅទិសខាងកើត និងមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញចំនួន ៤ ជាន់។ ដូច្នេះដើម្បីទៅដល់ទីតាំងដ៏អស្ចារ្យនេះលោកអ្នកអាចធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ៦ និងបន្តតាមផ្លូវជាតិលេខ ៧ ពីស្គុនទៅកំពង់ចាមក្នុងចម្ងាយប្រមាណ ១១៩ គីឡូម៉ែត្រ។ 
នៅក្នុងបរិវេណប្រាសាទយើងនឹងឃើញមានសសរពេជ្រខ្ពស់ៗ ឈរទប់ទ្រផ្ដែរប្រាសាទយ៉ាងរឹងមាំ រីឯទ្វារទាំងបួនទិសរបស់ប្រាសាទដែលអមដោយជញ្ជាំងទាំងឡាយ ក៏រឹងមាំល្អឥតខ្ចោះគ្មានការរង្គោះរង្គើឡើយ។ បច្ចុប្បន្នស្ថានភាពប្រាសាទនេះគឺនៅរឹងមាំល្អណាស់ សម្រាប់ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិកក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់។ ចំណែកសំណង់ព្រះវិហារព្រះពុទ្ធសាសនា ដែលស្ថាបនាក្រោយសម័យអង្គរនោះវិញ ក៏ស្ថិតនៅល្អតាមលំនាំស្ថាបត្យកម្មដើមផងដែរ៕











