អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទិញដី និងទិញតូបពីក្រុមហ៊ុន ជា សារ៉ន រៀលធី ទាំងអ្នកដែលបានបង់លុយគ្រប់ និងអ្នកបង់មិនទាន់គ្រប់ សូមប្រញាប់មកដាក់ពាក្យស្នើសុំកាត់ឈ្មោះចាប់ពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ នេះតទៅនៅសាលាខេត្តកំពត។
ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ក្រោយពីបានដាក់ក្រុមហ៊ុន ជា សារ៉ន នៅក្នុងយន្តការច្បាប់ និងបានដំណើរការយន្តការតាមប្រព័ន្ធច្បាប់ តុលាការបានបង្កកទ្រព្យសម្បត្តិ និងឃាត់ខ្លួនជួរថ្នាក់ដឹកនាំក្រុមហ៊ុនជាបន្តបន្ទាប់។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងយុត្តិធម៌ អាជ្ញាធរខេត្តកំពត និងជំនាញពាក់ព័ន្ធមុខការ បានសម្រេចបានយន្តការ៣ ដើម្បីដោះស្រាយជនរងគ្រោះ ពីការទិញដីក្រុមហ៊ុន ជា សារ៉ន ដោយក្នុងនោះរួមមាន៖
• ទី១.ពលរដ្ឋដែលបានទិញដីពីក្រុមហ៊ុន ជា សារ៉ន ទាំងបង់លុយគ្រប់ និងមិនទាន់គ្រប់ ត្រូវយកកន្ទុយសន្លឹកបង់លុយភ្ជាប់ជាមួយពាក្យស្នើសុំដើម្បីដាក់មកកាន់ស្ថាប័នច្បាប់ ដើម្បីរៀបចំផ្ទេរដីជូន.png)
• ទី២.ចំពោះបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការទិញតូប ក៏អនុវត្តន៍ដូចនឹងយន្តការទី១ដែរ.png)
• ទី៣.ក្នុងករណីដីឡូតិ៍ដែលបង់លុយហើយមិនទាន់គ្រប់ក៏តម្រូវឱ្យទៅដាក់ពាក្យស្នើសុំបង់បន្ត ហើយគណនីដែលត្រូវបង់ចូលគឺនឹងប្រើគណនីរបស់សាលាដំបូងខេត្ត ហើយទីតាំងដែលចែកពាក្យ និងទទួលពាក្យគឺស្ថិតនៅក្នុងរោងមហាជនក្នុងបរិវេណសាលាខេត្តកំពត៕










