ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចមិនមានបំណងក្នុងការផ្លាស់ប្តូររដ្ឋមន្រ្តីថ្មីទៀត ដូចពាក្យចចាមអារ៉ាមនោះទេ និងស្នើឱ្យបញ្ចប់ពាក្យចចាមអារ៉ាមនេះ ហើយអំពាវនាវឱ្យមន្រ្តីទាំងអស់ខិតខំធ្វើការដោយស្ងប់ចិត្ត។
សម្តេចធិបតី បានបញ្ជាក់ថា៖” រឿងដូររដ្ឋមន្រ្តីនេះ បានលេចលឺតាំងពីចុងឆ្នាំ២០២៤ម្ល៉េះ ដោយមានការខ្សឹបខ្សៀវគ្នាថា បន្តិចទៀត នឹងមានការដូរដ្ឋមន្រ្តី៥-៦ ក្រសួង ហើយពេលនេះមានរដ្ឋមន្ត្រីម្នាក់កំពុងភ័យខ្លួន ខ្លាចត្រូវដកដំណែង”។
សម្តេចបវរធិបតី សង្កត់ធ្ងន់ថា៖”រឿងការស្នើសុំតែងតាំងផ្លាស់ប្តូររដ្ឋមន្រ្តី ឬសមាជិករាជរដ្ឋាភិបាល គឺជាសិទ្ធិ និងការទទួលខុសត្រូវរបស់ នាយករដ្ឋមន្រ្តី ហើយបើនាយករដ្ឋមន្រ្តីអត់ដឹងផង កុំព្រួយបារម្ភ ហើយបើខ្ញុំអត់ដឹងផង គឺមិនមានក្រសួងណាត្រូវដោះដូរទៀតទេនៅពេលនេះ”។
ទន្ទឹមនឹងនេះ សម្តេចបានអំពាវនាវដល់មន្រ្តីតាមបណ្តាក្រសួងទាំងអស់ខិតខំធ្វើការ ហើយកុំខ្វល់អំពីការផ្លាស់ប្តូររដ្ឋមន្រ្តីខ្លាំងពេក៕










