ប្រទេសអូស្ត្រាលី ៖ ទំនិញនានាក្នុងផ្សារទំនើបនៅអូស្ត្រាលី ដូចជា បន្លែ ផ្លែឈើពុំវេចខ្ចប់ផ្លាស្ទិក គឺមានតម្លៃថ្លៃជាងបន្លែ ផ្លែឈើវេចខ្ចប់ ។ ហេតុនេះ អតិថិជនបានទិញទំនិញវេចខ្ចប់ដោយផ្លាស្ទិកច្រើនជាង ដោយសារមានតម្លៃថោក បើទោះជាមានគុណភាពអន់បន្តិចក្តី ប៉ុន្តែវាជាមូលហេតុធ្វើឱ្យកាកសំណល់ផ្លាស្ទិកកើនឡើង ។
Australian Marine Conservation Society បានស្ទង់មតិពីការប្រើប្រាស់ផ្លាស្ទិកក្នុងផ្សារទំនើបនៅប្រទេសអូស្ត្រាលី ហើយលទ្ធផលការស្ទង់មតិបង្ហាញថា បន្លែ ផ្លែឈើពុំវេចខ្ចប់ផ្លាស្ទិកក្នុងផ្សារទំនើប គឺមានតម្លៃថ្លៃជាងបន្លែ ផ្លែឈើវេចខ្ចប់ ។ ជាក់ស្តែង ដំឡូងបារាំងពុំវេចខ្ចប់ មានតម្លៃថ្លៃជាងដំឡូងបារាំងវេចខ្ចប់ រហូតដល់៥៣% ជាហេតុធ្វើឱ្យអតិថិជនងាកទៅទិញទំនិញវេចខ្ចប់ ពីព្រោះការទិញទំនិញពុំវេចខ្ចប់ ត្រូវចំណាយប្រាក់កើនឡើងដល់១៥៥ដុល្លារក្នុង១ឆ្នាំ ។.png)
ផ្សារទំនើប Woolworths បានទូទាត់ប្រាក់ថ្លៃបន្លែ ផ្លែឈើស្រស់គ្មានការវេចខ្ចប់ផ្លាស្ទិក ថ្លៃជាងបន្លែ ផ្លែឈើវេចខ្ចប់ រហូតដល់៧៧% ខណៈផ្សារទំនើបផ្សេងៗទូទាត់ប្រាក់ថ្លៃបន្លែ ផ្លែឈើគ្មានការវេចខ្ចប់ ថ្លៃជាង៧៣% ។
លោកស្រី Cip Hamilton មកពី Australian Marine Conservation Society និយាយថា កាកសំណល់ផ្លាស្ទិកបានបំពុលបរិស្ថាន, បង្កើតជាតិពុលក្នុងមហាសមុទ្រ ធ្វើឱ្យទឹកកខ្វក់ សម្លាប់សត្វសមុទ្រ និងប៉ះពាល់សុខភាពមនុស្ស ។ ការស្រាវជ្រាវនេះបង្ហាញពីការផលិតផ្លាស្ទិកកើនឡើង នឹងប៉ះពាល់បរិស្ថានកាន់តែខ្លាំង ។
ផ្សារទំនើបនានាបានបង្កើតកាកសំណល់ផ្លាស្ទិកយ៉ាងច្រើន ដោយសារពួកគេគ្មានវិធានការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ដូចជា ៖ ផ្សារទំនើប Woolworths, Coles និង Aldi បានទូទាត់ប្រាក់ថ្លៃបន្លែ ផ្លែឈើពុំវេចខ្ចប់ផ្លាស្ទិក ថ្លៃជាងបន្លែ ផ្លែឈើវេចខ្ចប់ រហូតដល់ជាង៧០% ពេលខ្លះ ពួកគេគិតថ្លៃខុសគ្នាខ្លាំងជាងនេះ ។ អតិថិជនមានជីវភាពធូរធាបានទិញបន្លែគ្មានការវេចខ្ចប់ រិឯអតិថិជនពុំសូវមានប្រាក់បានទិញបន្លែវេចខ្ចប់ ដោយសារធូរថ្លៃជាង ។
អ្នកតំណាងផ្សារទំនើប Woolworths ប្រាប់ថា ផ្សារទំនើបបានកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកតាំងពីឆ្នាំ២០១៨ ហើយបន្លែ ផ្លែឈើភាគច្រើនអត់រុំផ្លាស្ទិកទេ ។ រីឯបន្លែ ផ្លែឈើដែលរុំផ្លាស្ទិក ផ្សារទំនើបនឹងលក់ថោកជាង ដោយសារការរុំផ្លាស្ទិកជួយឱ្យបន្លែរក្សាទុកបានយូរ ។
ដូចគ្នានេះ ផ្សារទំនើប Coles បញ្ជាក់ថា បន្លែ ផ្លែឈើរុំផ្លាស្ទិកភាគច្រើនមានទំហំតូចៗជាងបន្លែ ផ្លែឈើអត់រុំផ្លាស្ទិក ។ តាំងពីឆ្នាំ២០២១ ផ្សារទំនើបបានកាត់បន្ថយផ្លាស្ទិកជាង៥០០លានដុំ បច្ចុប្បន្ន យើងសាកល្បងប្រើប្រាស់ក្រដាសរឹងវេចខ្ចប់ ។ យើងកែលម្អការវេចខ្ចប់ជាបន្តបន្ទាប់ដើម្បីកាត់បន្ថយផ្លាស្ទិក ៕










