សហរដ្ឋអាមេរិក ៖ Bakery By Textbook គឺជាហាងនំប៉័ងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មានគំនិតថ្មីមួយដើម្បីជួយពលរដ្ឋរស់នៅក្នុងតំបន់អាចបរិភោគអាហារមានគុណភាពល្អ គឺហាងនេះពុំកំណត់តម្លៃនំប៉័ងទេ ហើយស្រេចលើអតិថិជនជាអ្នកឱ្យប្រាក់ ។ វាជាការជួយគ្នាទៅវិញទៅមក និងចង់ឱ្យអ្នកគ្មានប្រាក់គ្រប់គ្រាន់បានបរិភោគអាហារល្អសម្រាប់សុខភាព ។
លោក Tony Yarema ម្ចាស់ហាងនំប៉័ង និយាយថា ៖ «យើងចង់ឱ្យអតិថិជនសប្បាយចិត្តពេលមកទិញនំប៉័ងក្នុងហាង ដោយពួកគេអាចចំណាយប្រាក់ប៉ុន្មានក៏បាន ។ មនុស្សគ្រប់គ្នាគួរតែមានសិទ្ធិទិញនំប៉័ងឆ្ងាញ់ៗសម្រាប់បរិភោគ ហើយនេះជាអ្វីដែលយើងត្រូវការធ្វើដើម្បីជួយពលរដ្ឋក្នុងសង្គម» ។.png)
លោកមានគំនិតជួយគ្នាទៅវិញទៅមក និងចែករំលែកទៅអ្នកគ្មានប្រាក់ទិញចំណីអាហារបរិភោគ ដោយសារហាងនំប៉័ងរបស់លោកស្ថិតនៅមិនឆ្ងាយពីទីប្រជុំជនដែលកំពុងខ្វះខាតអាហារ ហើយមនុស្សភាគច្រើនពុំអាចបរិភោគអាហារល្អៗក្នុងតម្លៃថោកទេ ។ លោកចង់ឱ្យមានការផ្លាស់ប្តូរក្នុងសង្គម ដោយចាប់ផ្តើមធ្វើការងារតូចតាចជាមុន ។
ទោះបីជាលោក Tony ពុំកំណត់តម្លៃនំប៉័ងក្តី ប៉ុន្តែមនុស្សមួយចំនួនបែរជារិះគន់ថា តើហាងនំប៉័ងរបស់លោកអាចបើកលក់រហូតដល់ពេលណា? ប៉ុន្តែលោកពុំចាប់អារម្មណ៍នឹងការរិះគន់ទាំងនេះទេ ពីព្រោះលោកបានធ្វើល្អជួយដល់អ្នកខ្វះខាត ជួយសង្គម ហើយមានមនុស្សជាច្រើនបានទទួលផលប្រយោជន៍ពីការលក់នំប៉័ងក្នុងតម្លៃធូរថ្លៃ ។
លោកមានគោលដៅគាំទ្រពលរដ្ឋរស់នៅក្នុងសហគមន៍ និងជួយឱ្យមនុស្សម្នាទទួលបានអាហារមានគុណភាពល្អ ។ ក្រោយពីបើកហាងនំប៉័ងបានរយៈពេល៦ខែ លោកទទួលស្គាល់ថា វាជាជោគជ័យមួយ អតិថិជនដែលរស់នៅក្បែរហាងបានចូលរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យហាងលោកទទួលបានជោគជ័យ ។ លោកចង់ឱ្យហាងជួយគាំទ្រសហគមន៍ និងអាចលក់នំប៉័ងតម្លៃធូរថ្លៃបែបនេះយូរអង្វែង ៕










