ប្រទេសចិន ៖ ប្រទេសចិននឹងរៀបចំការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងមនុស្សជាមួយមនុស្សយន្ត ក្នុងតំបន់តាស៊ីង ទីក្រុងប៉េកាំង នៅខែមេសា ឆ្នាំ២០២៥ ខាងមុខ ហើយគេចាត់ទុកថា នេះជាការរត់ប្រណាំងមានលក្ខណៈខុសប្លែកជាលើកដំបូងលើពិភពលោក ។ ចិននឹងស្វាគមន៍មនុស្សយន្តមកពីជុំវិញពិភពលោក មកចូលរួមរត់ប្រណាំង ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ។
ការរត់ប្រណាំងនឹងមានអត្តពលិកចូលរួមប្រមាណ ១២,០០០នាក់ ដោយត្រូវរត់ក្នុងចម្ងាយជាង២១គីឡូម៉ែត្រ ហើយក៏មានមនុស្សយន្ត Humanoid មកពីជាង២០ក្រុមហ៊ុនមកចូលរួមរត់ប្រណាំងផងដែរ ។ កម្មវិធីនេះរៀបចំដោយភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាទីក្រុងប៉េកាំង ឬហៅថា E-Town ។
ចិននឹងទទួលស្វាគមន៍វិទ្យាស្ថានស្រាវជ្រាវ ក្រុមហ៊ុនមនុស្សយន្ត និងសាកលវិទ្យាល័យនានានៅទូទាំងពិភពលោក អាចបញ្ជូនមនុស្សយន្តមកចូលរួមប្រកួត ប៉ុន្តែចិននឹងកំណត់លក្ខខណ្ឌតឹងរ៉ឹងមួយចំនួន ដូចជា ៖ មនុស្សយន្តត្រូវតែមានរូបរាងស្រដៀងមនុស្ស និងអាចដើរ ឬរត់ដោយប្រើជើង២ ហើយហាមប្រើប្រាស់កង់វិលដាច់ខាត ។

ក្រៅពីនេះ មនុស្សយន្តត្រូវមានកម្ពស់ចាប់ពី៥០សង់ទីម៉ែត្រ ទៅ២ម៉ែត្រ ហើយគម្លាតពីត្រគាតទៅបាតជើង គឺមិនក្រោម៤៥សង់ទីម៉ែត្រ ។ មនុស្សយន្តត្រូវតែបញ្ជាដោយឧបករណ៍បញ្ជាពីចម្ងាយ ឬជាមនុស្សយន្តធ្វើចលនាដោយស្វ័យប្រវត្តិ ហើយគណៈកម្មការប្រកួតនឹងអនុញ្ញាតឱ្យផ្លាស់ប្តូរថ្មមនុស្សយន្តពេលកំពុងរត់ប្រណាំង ។ រីឯអត្តពលិកដែលឈ្នះក្នុងការប្រកួត ចាប់ពីលេខ១ ទៅលេខ៣ នឹងទទួលបានពានរង្វាន់ ។
ចិនបានអភិវឌ្ឍន៍បច្ចេកវិទ្យាមនុស្សយន្តយ៉ាងឆាប់រហ័សដើម្បីប្រកួតជាមួយអាមេរិក ដូចគ្នានឹងការប្រកួតផ្នែកបច្ចេកវិទ្យា AI ដែរ ។ មនុស្សយន្ត Humanoid គឺជាបច្ចេកវិទ្យាមួយទៀតដែលចិនកំពុងប្រកួតជាមួយអាមេរិក ហើយទីក្រុងជាច្រើនរបស់ចិនបានចំណាយប្រាក់យ៉ាងច្រើនមហាសាលលើការស្រាវជ្រាវ អភិវឌ្ឍន៍បច្ចេកវិទ្យា និងលើកកម្ពស់សមត្ថភាពមនុស្សយន្ត ។
ចិនរំពឹងថា ឧស្សាហកម្មមនុស្សយន្ត Humanoid នឹងកើនឡើងស្មើទឹកប្រាក់ជាង៥៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០៣០ ។ ហេតុនេះ យើងនឹងរង់ចាំមើលថា តើមនុស្សយន្តប្រទេសណាមានបច្ចេកវិទ្យាខ្ពស់ជាង?