ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភះនេះ បន្ទាប់ពីបងប្អូនប្រជាកសិករយើងបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ តែងតែរៀបចំប្រារព្ធពិធីមួយ ដែលគេស្គាល់ថាជាពិធីបុណ្យចាប់ត្រី។ ពិធីបុណ្យនេះមានអាយុកាលជាង ៥០០ ឆ្នាំមកហើយ ធ្វើឡើងនៅបឹងត្រពាំងក្រម ក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាពិធីចាប់ត្រីបែបបុរាណខ្មែរ ដោយប្រើឧបករណ៍អង្រួត ឈ្នាង ដើម្បីចាប់យកត្រីសម្រាប់អាំងទទួលទានជុំគ្នា ជាមួយបរិយាកាសអ៊ូអ៊រ និងសប្បាយរីករាយបំផុត។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថានៅឆ្នាំ ២០២៥ នេះមានពលរដ្ឋ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករប្រមាណជាង ១២ ម៉ឺននាក់ឯណោះ ហើយនៅឆ្នាំ ២០២៦ ខាងមុខ រដ្ឋបាលខេត្តក៏គ្រោងរៀបចំពិធីប្រគល់ពានរង្វាន់ដល់អ្នកដែលចាប់បានត្រីច្រើនជាងគេផងដែរ។ ពិធីបុណ្យចាប់ត្រីគឺជាទំនៀមទម្លាប់ដ៏ប្រពៃមួយ ដែលធ្វើឡើងដើម្បីរំលឹក និងរក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណខ្មែរ ខណៈពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ ១២ ម៉ឺននាក់បានប្រមូលផ្តុំគ្នាដើម្បីចាប់ត្រីក្នុងស្មារតីសាមគ្គីភាព ស្រលាញ់រាក់ទាក់គ្នា ប្រកបដោយសីលធម៌ សុជីវធម៌យ៉ាងល្អផូរផង់ និងមានលក្ខណៈជាតិនិយមគួរជាទីមោទនៈ។

បើនិយាយពីទិដ្ឋភាពនៃពិធីបុណ្យចាប់ត្រីបែបបុរាណខ្មែរវិញ គឺពិតជាអស្ចារ្យខ្លាំងណាស់ ដែលនេះសរបញ្ជាក់ឱ្យឃើញថា ពិធីបុណ្យដ៏មានប្រជាប្រិយភាពរបស់ខ្មែរយើង គឺជាចំណែកមួយដែលបានទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកចូលរួមលេងកម្សាន្តជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ដែរថា ក្រៅខេត្តត្បូងឃ្មុំ ពិធីបុណ្យចាប់ត្រីក៏បានប្រារព្ធនៅខេត្តជាច្រើនទៀតនៃប្រទេសកម្ពុជាយើងផងដែរ ដូចជាខេត្តសៀមរាបជាដើម។
សរុបមកវិញ ការរៀបចំប្រារព្ធពិធីបុណ្យចាប់ត្រីគឺជាទំនៀមទម្លាប់ឡើងមាឃ ដែលអ្នកស្រុកតែងតែប្រារព្ធក្រោយប្រមូលផលរួច ដោយបង្ហាញពីតម្លៃនៃសម្បត្តិរួម និងសាមគ្គីក្នុងភូមិ ហើយក៏ស្តែងឱ្យឃើញពីទំនាក់ទំនងបរិស្ថាន និងប្រពៃណីប្រតិបត្តិក្នុងសហគមន៍ផងដែរ៕
រូបភាព៖ ក្រសួងទេសចរណ៍