ពេលខ្យល់ពុលកើនឡើងខ្លាំងក្នុងទីក្រុងនានាលើពិភពលោក ធ្វើឱ្យមានការបារម្ភពីជំងឺមហារីកសួតខ្លាំងឡើង ពីព្រោះកាលពីមុន អ្នកជំងឺមហារីកសួតភាគច្រើនជាអ្នកជក់បារី ប៉ុន្តែការស្រាវជ្រាវចុងក្រោយរបស់អង្គការសុខភាពពិភពលោក បង្ហាញថា បច្ចុប្បន្ន អ្នកពុំជក់បារីបានកើតជំងឺមហារីកសួតកាន់តែច្រើន ដោយសារពួកគេស្រូបយកខ្យល់ពុល ។

ទីភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) របស់អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា អ្នកជំងឺមហារីកសួតភាគច្រើនពុំធ្លាប់ជក់បារីទេ ប៉ុន្តែពួកគេបានស្រូបខ្យល់ពុលនៅជុំវិញខ្លួន ។ ជំងឺមហារីកសួតដែលកើតឡើងលើអ្នកពុំជក់បារី គឺប្រភេទ Adenocarcinoma ហើយអ្នកជំងឺមហារីកសួតនឹងស្លាប់ច្រើនបំផុត ។.png)
ការស្រាវជ្រាវមួយផ្សព្វផ្សាយក្នុងទស្សនាវដ្តី Lancet Respiratory Medicine បង្ហាញថា កាលពីឆ្នាំ២០២២ មានអ្នកជំងឺមហារីកសួតប្រភេទ Adenocarcinoma ស្មើ២សែននាក់ ដោយសារពួកគេស្រូបយកខ្យល់ពុល ក្នុងនោះអ្នកជំងឺភាគច្រើនរស់នៅតំបន់អាស៊ីបូព៌ា ជាពិសេស ប្រទេសចិន ។
លទ្ធផលការស្រាវជ្រាវនេះបញ្ជាក់ពីខ្យល់ពុលជាមូលហេតុធ្វើឱ្យពលរដ្ឋលើពិភពលោក កើតជំងឺមហារីកសួតកាន់តែខ្លាំង ហើយត្រូវមានការស្រាវជ្រាវបន្ថែមទៀត ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Freddie Bray អ្នកដឹកនាំការស្រាវជ្រាវ និងជាប្រធានផ្នែកតាមដានជំងឺមហារីករបស់ ទីភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) ។
អ្នកជំងឺមហារីកសួតដែលពុំជក់បារីនៅប្រទេសអង់គ្លេស និងអាមេរិកបានកើនឡើងខ្ពស់ ហើយចំនួនអ្នកជំងឺនឹងធ្លាក់ចុះ លុះត្រាតែពិភពលោក ដោះស្រាយបញ្ហាខ្យល់ពុលលើបរិយាកាសបានជោគជ័យកម្រិតណា ។ មហារីកសួតបានសម្លាប់ជីវិតមនុស្សជាច្រើននាក់ ព្រោះបច្ចុប្បន្ន អ្នកកើតជំងឺមហារីកសួត ពុំមែនបណ្តាលមកពីការជក់បារីដូចមុនទេ ។
ការស្រាវជ្រាវបញ្ជាក់ថា ខ្យល់ពុល គឺជាមូលហេតុសំខាន់ធ្វើឱ្យកើតជំងឺមហារីកកូនកណ្តុរប្រភេទថ្មី ស្មើពី៥៣% ទៅ៧០% នៃអ្នកជំងឺមហារីកសួតដែលពុំជក់បារីលើពិភពលោក ។ បើប្រទេសនានាពុំយកចិត្តទុកដាក់ដោះស្រាយបញ្ហាខ្យល់ពុលទេ ទោះជាយើងព្យាយាមថែទាំសុខភាពខ្លាំងយ៉ាងណា ក៏ពុំអាចចៀសផុតពីជំងឺមហារីកសួតដែរ ៕










