Gigi Hadid ដែលជាតារាម៉ូដែលដ៏ល្បីល្បាញរបស់អាមេរិក បានប្រាប់ពីវិធីសាស្ត្រក្នុងការថែរក្សាសម្រស់ឱ្យស្រស់ផូរផង់ និងសុខភាពល្អ ជាមួយគន្លឹះស្ប៉ាតាមបែបធម្មជាតិដោយខ្លួនឯង។ ការស្ប៉ាជួយឱ្យស្បែកស្អាត រាងកាយទាំងមូលមានសុខភាពល្អ ជាពិសេសវាក៏ធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយផងដែរ។ លើសពីនេះវាក៏ជួយបញ្ចូលថាមពលរាងកាយឱ្យប្រសើរឡើង ក៏ដូចជាជួយសន្សំសំចៃ ដោយមិនចាំបាច់ខ្ជះខ្ជាយលុយ និងពេលវេលាច្រើនសម្រាប់ការស្ប៉ានៅខាងក្រៅផ្ទះនោះទេ។ ដូច្នេះខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗក្នុងការស្ប៉ាដោយខ្លួនឯង ដែលតារាម៉ូដែលអាមេរិករូបនេះបានណែនាំ៖
១.ស្ប៉ាក្នុងទឹកក្តៅឧណ្ឌៗ៖ ការស្ប៉ារាងកាយគឺល្អបំផុតជាពិសេសនៅពេលអ្នកត្រាំក្នុងទឹកក្តៅ ដែលមានសីតុណ្ហភាពប្រហែល ៣៧-៣៨ ដឺក្រេ ត្រូវបានគេចាត់ទុកថាជាសីតុណ្ហភាពទឹកដែលមិនធ្វើឱ្យស្បែកបាត់បង់ជាតិសំណើម ហើយវាក៏ជួយជំរុញឱ្យឈាមរត់បានល្អ ក៏ដូចជាជួយបង្កើនភាពធូរស្រាលនៃស្បែក និងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ថ្លាជាងមុនផងដែរ។

២.ជ្រើសរើសទៀនក្រអូប៖ ដើម្បីធ្វើឱ្យអារម្មណ៍ធូរស្រាលជាងមុន និងចិត្តស្ងប់បន្ទាប់ពីត្រាំក្នុងទឹកក្តៅគឺត្រូវជ្រើសរើសទៀនក្រអូប ដែលប្រើពិសេសក្នុងការស្ប៉ា ដោយវានឹងបង្កើតបរិយាកាសតាមរយៈក្លិនក្រអូបដែលអ្នកចូលចិត្ត ហើយវានឹងជួយកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធភាព ដូច្នេះធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយក្នុងរយៈពេលយូរ។
៣.រៀបចំប្រេងបំប៉នធម្មជាតិ៖ ប្រេងបំប៉នធម្មជាតិ ដែលអាចប្រើបានទាំងសក់ និងរាងកាយ វានឹងក្លាយជាជំនួយការដ៏អស្ចារ្យមួយដែលធ្វើឱ្យស្បែករលោង ទន់ មានសំណើម គ្មានភាពរដុប និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ ដូច្នេះអ្នកគួរជ្រើសរើសប្រើប្រេងធម្មជាតិសុទ្ធ ដូចជាប្រេងអាល់ម៉ុន និងប្រេងដូង ដែលជាប្រេងសំខាន់ៗមានក្លិនក្រអូបស្រស់ អាចប្រើបានទាំងសក់ និងស្បែក។ វានឹងជួយទាំងការម៉ាស្សា និងការចិញ្ចឹម ក៏ដូចជាកាត់បន្ថយស្បែកដែលស្រអាប់ ដោយមិនបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមាន ឬទុកសារធាតុណាមួយនៅលើស្បែកនោះទេ៕