ប្រទេសក្រិក ៖ ពលរដ្ឋក្រិក និងភ្ញៀវទេសចរជាច្រើននាក់បានឈររង់ចាំជិះសាឡាង និងយន្តហោះពិសេសដើម្បីជម្លៀសចេញពីកោះសានតូរិនី ក្រោយកើតគ្រោះរញ្ជួយដីនៅបាតសមុទ្ររហូតដល់ជាង២០០លើក ត្រឹមតែរយៈពេល៤ថ្ងៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ចាប់ពីថ្ងៃទី៣១ ខែមករា មានគ្រោះរញ្ជួយដីនៅបរិវេណកោះសានតូរិនី និងកោះអាម៉ូហ្គូស ក្នុងសមុទ្រអ៊ីចៀន ដែលធ្វើឱ្យអាជ្ញាធរបិទសាលារៀននៅលើកោះសានតូរិនី និងកោះមួយចំនួននៅក្បែរគ្នា ។ នៅថ្ងៃទី៣ ខែកុម្ភៈ គ្រោះរញ្ជួយដីបានកើតឡើងជាច្រើនលើក ហើយក្នុង១លើកៗមានគ្រោះរញ្ជួយដីក្នុងតំបន់៤ របស់កោះសានតូរិនី ។ អាជ្ញាធរបានណែនាំឱ្យពលរដ្ឋចៀសវាងស្ថិតនៅក្នុងអគារ និងកំពង់ផែតូចៗ ខណៈភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជូនកម្លាំងទៅតំបន់នានាដើម្បីផ្តល់សុវត្ថិភាពពលរដ្ឋ ។

ក្រុមហ៊ុនអាកាសចរណ៍ Aegean Airlines ឱ្យដឹងថា បានបង្កើនជើងហោះហើរដឹកអ្នកដំណើរចេញ-ចូលកោះសានតូរិនី ចំនួន៣ជើង កាលពីថ្ងៃទី៣ និងថ្ងៃទី៤ ខែកុម្ភៈ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ និងភ្ញៀវទេសចរតាមការស្នើសុំរបស់ក្រសួងការពារជនស៊ីវិលក្រិក ។
គ្រោះរញ្ជួយដីនឹងកើតឡើងជាបន្តបន្ទាប់ ចាប់ពី២ថ្ងៃ ទៅ៣ថ្ងៃទៀត ឬអាចកើតឡើងយូរអង្វែង ។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យផ្នែកធរណីវិទ្យា និងគ្រប់គ្រងគ្រោះមហន្តរាយក្នុងទូរទស្សន៍ក្រិក ។
អ្នកជំនាញនិយាយថា គ្រោះរញ្ជួយដីបានកើតឡើងលើកោះដែលមានមនុស្សរស់នៅច្រើន គ្រោះរញ្ជួយដីខ្លះកើតឡើងនៅបរិវេណច្រាំងថ្មភ្នំ ហើយវានឹងកើតឡើងជាច្រើនសប្តាហ៍ ។ ពលរដ្ឋរស់នៅលើកោះពុំសូវបារម្ភប៉ុន្មានទេ ដោយសារពួកគេធ្លាប់ជួបហេតុការណ៍នេះ ប៉ុន្តែពលរដ្ឋខ្លះដែលផ្លាស់មកធ្វើការលើកោះជាគោលដៅទេសចរណ៍ដ៏ពេញនិយម បានជម្លៀសចេញភ្លាមៗ ។
ប្រទេសក្រិកតែងកើតគ្រោះរញ្ជួយដីញឹកញាប់ ហើយការផ្ទុះភ្នំភ្លើងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រកាលពី១៦០០ឆ្នាំមុន បានបង្កើតជាកោះសានតូរិនី ។ នៅឆ្នាំ១៩៥០ ការផ្ទុះភ្នំភ្លើងលើកចុងក្រោយក្នុងតំបន់នេះបានកើតឡើងម្តងទៀត ៕