ថ្មីៗនេះ មានស្ត្រីរកស៊ីអនឡាញម្នាក់ បានតាំងខ្លួនជាមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានធ្វើឱ្យមហាជនសម្តែងការរិះគន់ និងស្នើឱ្យក្រសួងពាក់ព័ន្ធជួយពិនិត្យមើល។
ពាក់ព័ន្ធនឹងករណីនេះ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានឱ្យដឹងថា៖ ” ក្រសួងពាក់ព័ន្ធនឹងកោះអញ្ជើញ នារីម្នាក់ដែលតាំងខ្លួនមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧ ចាប់ជាតិ មកសួរនាំក្នុងពេលឆាប់ៗខាងមុខនេះ”។

បើយោងតាមគណនីហ្វេសប៊ុក លោកជំទាវ បានលើកឡើងថា៖”ប្រកបមុខរបរដោយសេរីភាពពេញលេញ រកស៊ីលក់ដូររីកចម្រើនហើយ បែជាយកកិត្តិនាមវិរៈក្សត្រ វិរៈក្សត្រី តួអង្គជាច្រើនទៀតដែលមានស្នាដៃល្បីល្បាញពេញពិភពលោកមកលេងសើចសម្រាប់លក់ផលិតផលទៅវិញ?? ខ្ញុំគាំទ្រប្រសាសន៍ណែនាំរបស់លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ដែលជាចាស់ទុំ។ ប្រហែល ២០ ឆ្នាំមកហើយ ខ្ញុំ និង លោកស្រី ផល្លីកា បានស្រាវជ្រាវប្រវត្តិមហេសីទាំង ២ អង្គរបស់ព្រះបាទជ័យវរ្ម័នទី ៧ ចងក្រងជាសៀវភៅ គឺជាស្ត្រីដ៍អស្ចារ្យជួយស្វាមីការពារជាតិទឹកដី លើកស្ទួយវិស័យសេដ្ឋកិច្ច អប់រំ សាសនា ។ល។ មិនមែនជាចរិត និង សកម្មភាពរហេចរហាចដូចអ្នកលក់ផលិតផលខ្លះនោះទេ ហេតុនេះប្អូនៗកុំយកព្រះនាមអតីតមហាវិរក្សត្រ និង តាំងខ្លួនជាតួអង្គព្រះមហេសីវីរៈបុរសជំនាន់មុនមកតាំងជារូបខ្លួនចាប់ជាតិ ឬ ដឹងជាតិកំណើតទៀតវាមិនអាចទៅរួចទេ គ្រាន់តែគោរពប្រតិបត្តិគឺមិនខុសឡើយ។ រកស៊ីធម្មតាៗទៅបានសុខ និង មានកិត្តិយសគ្រប់គ្រាន់ហើយ”។
លោកជំទាវ សង្កត់ទៀតថា៖”ប្អូនដែលតាំងខ្លួនជាមហេសីព្រះអង្គត្រៀមខ្លួនទៅ ព្រោះឮថាក្រសួងពាក់ព័ន្ធនឹងអញ្ជើញទៅបង្ហាញខ្លួនឆាប់ៗហើយ”៕