ប្រិយមិត្តអ្នកតាមដានជ្រាបមកហើយថា អាណារ៉ូស បានក្លាយជាបេក្ខភាពផ្លូវការក្នុងការប្រកួត Miss Supranational Cambodia 2025 ក្នុងគោលដៅបំបាត់រាល់ពាក្យសម្តី Bully និងចង់ល្បីបែបបវរកញ្ញាមិនចង់ល្បីបែបកំប្លែងនោះទេ។ នៅពេលបង្ហាញខ្លួនការដើរ និងការនិយាយរបស់ រ៉ូស ហាក់មិនសូវស្ទាត់នៅមានភាពភ័យខ្លាចនៅឡើយខណៈ MSC11 រូបនេះបានជំរុញចិត្ត អ៊ិន លក្ខិណា បើកភ្លើងខៀវស្ម័គ្រចិត្តចែករំលែកបទពិសោធន៍ដល់ រ៉ូស។
ល្ងាចថ្ងៃទី៣ កុម្ភៈ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានចែករំលែកវីដេអូរបស់ រ៉ូស ក្នុងការណែនាំឈ្មោះនិងគោលដៅក្នុងការមកប្រកួត Miss Supranational Cambodia 2025ដោយនាងបានដាក់ខ្លឹមសារថា «ខ្ញុំឃើញគាត់ហើយ ពិតជានឹកដល់គ្រាដំបូងដែលនាងខ្ញុំចូលកាន់វិស័យបវកញ្ញា អ្វីគ្រប់យ៉ាងត្រូវចាប់ផ្ដើមពីចំណុច 0 ដោយការតស៊ូនិងការប្រឹងទើបនាងខ្ញុំមានថ្ងៃនេះ សង្ឃឹមថាបងនឹងសម្រេចនៅបំណងប្រាថ្នាមួយចុះ ហើយរីករាយក្នុងការចែករំលែកនៅបទពិសោធន៍ទៅកាន់បង បើបងមានចំណាប់អារម្មណ៍ បងអាចទាក់ទងមកកាន់ខ្ញុំបាន»។
ការបើកភ្លើងខៀវពីសំណាកបវរកញ្ញា អ៊ិន លក្ខិណា នេះបានធ្វើឱ្យ អាណារ៉ូស បានផ្សារភ្ជាប់ទំនាក់ទំនងនិងចង់រៀនសូត្របន្ថែមទៀតពី Miss Cosmo Cambodia 2024 និងបានជាប់ TOP10 នៅលើឆាកអន្តរជាតិ។ ទឹកចិត្តដ៏ប្រពៃណីរបស់ លក្ខិណា មានបំណងជួយដល់ រ៉ូស នេះដែរបានធ្វើឱ្យអ្នកគាំទ្ររបស់នាងក៏កោតសរសើរផងដែរ។

គូសបញ្ជាក់ថា ការបង្ហាញខ្លួនរបស់ រ៉ូស លើកដំបូងក្នុងវិស័យបវរកញ្ញាបានធ្វើឱ្យមានមតិលើកឡើងថា នាងប្លែក រៀបចំខ្លួនបានល្អ និងថាកុំលេងសើចជាមួយនឹង រ៉ូស ជួនកាលបេក្ខនារីល្មមៗអាចចាញ់រ៉ូសក៏ថាបាន។ នាងមានវ័យ២៥ឆ្នាំ កម្ពស់ ១.៦៥ ម៉ែត្រ ចេះ៤ភាសាគឺ ភាសាខ្មែរ ចិន វៀតណាម និងអង់គ្លេស ដែលមានទេពកោសល្យ ច្រៀង សម្តែង និងដើរម៉ូត។ ទោះជាយ៉ាងណា អ្នកលេងបណ្តាញសង្គមមួយចំនួននៅចិញ្ចឹមចិត្តថា ការចូលរួមប្រកួតរបស់ រ៉ូស គឺគ្រាន់តែជាភាពទាក់ទាញនៅក្នុងកម្មវិធី ខណៈភាគច្រើនដឹងស្រាប់ហើយថា រ៉ូស គឺពោរពេញដោយរឿងអាស្រូវនៅលើបណ្តាញសង្គមមានការមិនពេញចិត្តច្រើនទៅកាន់នាង៕