តារាចម្រៀង វណ្ណថាន និង វណ្ណដា បានសាងសមិទ្ធផលដ៏ជោគជ័យបំផុតជាមួយនឹងបទ «កំលោះស្រុកខ្មែរ» ដែលមានការស្តាប់រហូតលើសពី១០០លានដង។ ថ្មីៗនេះ វណ្ណថាន ក៏បានបង្ហើបបទថ្មីទំនងជាបទចូលឆ្នាំខ្មែរខាងមុខដោយបានមេនសិនតារាចម្រៀង វណ្ណដា និង នរិទ្ធ មកជាមួយជាហេតុធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេជ្រួលច្របល់យ៉ាងខ្លាំង។
នៅថ្ងៃទី២ កុម្ភៈ តារាចម្រៀង វណ្ណថាន បានបង្ហោះវីដេអូខ្លី១៧វិនាទី ជាមួយនឹងចំណងជើងថា «អត់ចេះរដឺនទេ តាអូនព្រហើន ក៏បងស្នេហ៍ដែរ ដោយបានមេនសិនតារាចម្រៀង នរិទ្ធ និង វណ្ណដា មកជាមួយ»។ ការ Spoil បទថ្មីនេះពីសំណាកតារាចម្រៀង វណ្ណថាន ទំនងជាអាចទម្លាក់នាខែមេសា ខាងមុននេះសម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាហេតុធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមានការប៉ាន់ស្មានថាអ្នកទាំង៣អាចនឹងសហការគ្នាជាលើកដំបូងក្នុងឆ្នាំ២០២៥។ កន្លងមក វណ្ណថាន និងវណ្ណដា បានសាងស្នាដៃជាមួយគ្នាធ្វើឱ្យកក្រើកទីផ្សារយ៉ាងខ្លាំង។

បទ «កំលោះស្រុកខ្មែរ» ពីតារាចម្រៀងរ៉េប វណ្ណដា និង វណ្ណថាន ទទួលបានសមិទ្ធផលដ៏ជោគជ័យមានការស្តាប់លើសពី១០០លានដង បន្ទាប់ពីចាយពេល១ឆ្នាំ៧ខែនិងជាង១០ថ្ងៃកាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ នេះជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់ វណ្ណថាន មានបទចម្រៀង១០០M ខណៈជាលើកទី២ សម្រាប់ វណ្ណដា បន្ទាប់ពីបទ «Time To Rise»។
ចំណែកឯតារាចម្រៀង នរិទ្ធ ក៏ធ្លាប់សហការជាមួយនឹង វណ្ណដា ដូចគ្នាទៅលើបទចម្រៀងចូលឆ្នាំ២០២៤ ដែលមានចំណងជើងថា « ក្រមុំស្រុកណា?» ដែលមានការស្តាប់ជាង២៥លានដង ជាបទទី២ មានការស្តាប់ច្រើនជាងគេនៅលើឆាណែលលោកបន្ទាប់ពីបទ «មួយណា»។
គេចាំបានថាកាលពីខែកញ្ញា ឆ្នាំ២០២៤ តារាចម្រៀង វណ្ណដា បានបង្ហោះវីដេអូ Story របស់ខ្លួនកំពុងស្ថិតនៅជាមួយ វណ្ណថាន នរិទ្ធ រួមទាំងក្រុមការងារកំពុងធ្វើបទចម្រៀងថ្មីដែលកាលនោះធ្វើឱ្យអ្នកគាំទ្ររំពឹងទុកថាតារាចម្រៀងទាំង៣រូបទំនងជាសហការគ្នា៕