សហរដ្ឋអាមេរិក៖ អាចម៍ផ្កាយទំហំធំប៉ុនអាគារដែលមានទទឹង ៤០-១០០ ម៉ែត្រទំនងនឹងហោះបុកផែនដីក្នុងទសវត្សរ៍ក្រោយ ទោះបីជាហានិភ័យមានត្រឹមតែ ១.២% ក៏ដោយ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNN បច្ចុប្បន្នទីភ្នាក់ងារអវកាស NASA និងទីភ្នាក់ងារអឺរ៉ុប ESA កំពុងតាមដានយ៉ាងដិតដល់នូវអាចម៍ផ្កាយដែលទើបនឹងរកឃើញថ្មីៗមានឈ្មោះថា 2024 YR4 អាចមានឱកាស ១.២% ក្នុងការបុកជាមួយផែនដីនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០៣២។ ដូច្នេះប្រសិនបើវាហោះមកបុកផែនដីមែន លោកអ្នកសាកស្រម៉ៃមើល តើពិភពលោកទាំងមូលទៅជាយ៉ាងណា?
អាចម៍ផ្កាយ 2024 YR4 ត្រូវបានគេប៉ាន់ស្មានថាមានទទឹង ៤០ ទៅ ១០០ ម៉ែត្រ គឺជាអាចម៍ផ្កាយដ៏ធំបផុតមួយធ្លាប់បានហោះបុកជាមួយផែនដីរៀងរាល់ពីរបីពាន់ឆ្នាំម្តង ហើយអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់តំបន់ទាំងនោះ។ ទោះជាយ៉ាងណា យោងតាមលោកវេជ្ជបណ្ឌិត Paul Chodas នាយកមជ្ឈមណ្ឌលសិក្សាវត្ថុជិតផែនដី នៅមន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) របស់ NASA នៃរដ្ឋ California បាននិយាយថា តារាវិទូបច្ចុប្បន្នគឺមិនសូវច្បាស់លាស់នោះទេអំពីទំហំពិតរបស់អាចម៍ផ្កាយ ទោះបីជាយ៉ាងនេះក្តីពួកយើងកំពុងធ្វើការដើម្បីកំណត់វាជាមួយនឹងការសង្កេតបន្ថែមទៀតដោយប្រើតេឡេស្កុបច្រើន។ ការសង្កេតនេះនឹងជួយអ្នកវិទ្យាសាស្ត្រកំណត់ហានិភ័យនៃការប៉ះទង្គិចគ្នាកាន់តែត្រឹមត្រូវនាពេលអនាគត។
លោក Chodas បានបន្តថា “ប្រសិនបើអាចម៍ផ្កាយពិតជាហោះបុកផែនដីមែន វានឹងបង្កឱ្យមានការខូចខាតក្នុងចម្ងាយ ៥០ គីឡូម៉ែត្រពីកន្លែងផលប៉ះពាល់ដោយសារតែល្បឿនលឿនខ្លាំងប្រហែល ១៧ គីឡូម៉ែត្រ/វិនាទី ឬ ៦១,២០០ គីឡូម៉ែត្រ/ម៉ោង ដែលអាចម៍ផ្កាយឆ្លងកាត់បរិយាកាស”។ 2024 YR4 ត្រូវបានរកឃើញដំបូងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ដោយតេឡេស្កុបគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនដែលផ្តល់មូលនិធិដោយ NASA ដើម្បីស្កេនផ្ទៃមេឃសម្រាប់អាចម៍ផ្កាយនៅជិតផែនដី។ ការរកឃើញនេះបានកើតឡើងនៅពេលដែលអាចម៍ផ្កាយស្ថិតនៅជុំវិញផែនដី ហើយភ្លឺល្មមអាចឱ្យគេមើលឃើញបាន។

ទោះជាយ៉ាងណាប្រព័ន្ធព្រមានអាចម៍ផ្កាយដោយស្វ័យប្រវត្តិបានបន្លឺសំឡេងរោទិ៍បន្ទាប់ពីកំណត់ថាអាចម៍ផ្កាយមានឱកាសទាបបំផុតក្នុងការបុកផែនដីក្នុងឆ្នាំ ២០៣២។ ទោះបីជាយ៉ាងនេះក្តីក្រុមតារាវិទូនៅតែបន្តប្រើប្រាស់ឧបករណ៍អង្កេត Magdalena Ridge ដែលជាកែវយឺត និងតេឡេស្កុបដ៏ធំបំផុត ដើម្បីតាមដានអាចម៍ផ្កាយដែលមានចម្ងាយ ៤៥ លានគីឡូម៉ែត្រពីផែនដី។ ការសង្កេតនេះអាចជួយអ្នកស្រាវជ្រាវបង្រួមការប៉ាន់ស្មាននៃទំហំ និងគន្លងរបស់អាចម៍ផ្កាយ។ នៅពេលដែលអាចម៍ផ្កាយផ្លាស់ទីឆ្ងាយពីផែនដី ហើយកាន់តែខ្សោយ អ្នកស្រាវជ្រាវនឹងត្រូវពឹងផ្អែកលើតេឡេស្កុបធំជាងមុន ដើម្បីសង្កេតមើលវាបន្តទៀត។
ប្រសិនបើអាចម៌ផ្កាយ 2024 YR4 នៅតែបន្តហោះគៀកផែនដី មានន័យថា វានៅតែស្ថិតក្នុងបញ្ជីហានិភ័យនៅឡើយទេ។ គួរបញ្ជាក់ដែរថា NASA និង ESA តែងតែតាមដានអាចម៍ផ្កាយរាប់ពាន់នៅជិតផែនដីជានិច្ច ទោះជាយ៉ាងណាបច្ចុប្បន្ននេះ គ្មានអាចម៍ផ្កាយធំណាមួយ មានឱកាសបុកគ្នាជាមួយផែនដីលើសពី ១% នោះទេ៕