ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មាន NHK World រាយការណ៍ថា តំបន់មួយចំនួនរបស់ខេត្តហុកកៃដូ ស្ថិតនៅភាគខាងជើងប្រទេសជប៉ុន មានព្រិលធ្លាក់ខ្លាំងពុំធ្លាប់កើតឡើងក្នុងប្រវត្តិសាស្ត្រ ដោយសារសម្ពាធទាបកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ។ រយៈពេលត្រឹមតែ៦ម៉ោង ព្រិលបានធ្លាក់រហូតដល់កម្ពស់៨២សង់ទីម៉ែត្រ ។
ទីភ្នាក់ងារឧតុនិយមជប៉ុនប្រកាសថា ម៉ាស់ខ្យល់ត្រជាក់បានរំកិលចូល ខណៈសម្ពាធទាបនៅភាគខាងលិចខេត្តហុកកៃដូប ម្លាស់ទីទៅទិសខាងជើង ដែលស្ថានភាពនេះធ្វើឱ្យពពកព្រិលគ្របដណ្តប់លើឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ខេត្តហុកកៃដូ ។ រយៈពេលត្រឹមតែ៦ម៉ោង ព្រិលបានធ្លាក់ខ្លាំងរហូតដល់កម្ពស់៨២សង់ទីម៉ែត្រ នៅទីក្រុងអូប៊ិហ៊ិរុ ខណៈទីក្រុងហនបេតសឹ មានព្រិលធ្លាក់កម្ពស់៥៦សង់ទីម៉ែត្រ ។
នេះចាត់ទុកថា ព្រិលបានធ្លាក់ខ្លាំងបំផុតក្នុងទីក្រុងទាំងពីរ តាំងពីបានកត់ត្រាក្នុងទិន្នន័យ ។ ទីភ្នាក់ងារឧតុនិយមព្យាករថា ម៉ាស់ខ្យល់ត្រជាក់បំផុតប្រចាំរដូវនឹងបក់មកកាន់ខេត្តនីហ្គាតា និងខេត្តហូកូរិគុ ហើយបណ្តាលឱ្យព្រិលធ្លាក់កាន់តែខ្លាំង ។ ក្រៅពីនេះ ព្រិលអាចនឹងធ្លាក់ខ្លាំងនៅតំបន់ទំនាបរបស់កោះឃីវឈូ និងកោះឈិកូគុ ដែលពុំសូវមានព្រិលធ្លាក់កន្លងមក ។

ទីភ្នាក់ងារឧតុនិយមបានប្រកាសអាសន្នពីព្យុះព្រិល និងសូមឱ្យពលរដ្ឋប្រុងប្រយ័ត្នព្រិលធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ ដើមឈើរលំ ដាច់ចរន្តអគ្គិសនី រន្ទះបាញ់ និងខ្យល់ព្យុះ Tornado ហើយអាកាសធាតុនឹងចុះត្រជាក់ភ្លាមៗ ប្រមាណ១សប្តាហ៍ ។ ហេតុនេះ ពលរដ្ឋគួរតែផ្អាកធ្វើដំណើរ ឬចេញក្រៅផ្ទះ បើពុំចាំបាច់ ពីព្រោះស្ថានភាពបែបនេះអាចធ្វើឱ្យស្ទះចរាចរណ៍ និងការដឹកជញ្ជូនសាធារណៈយឺតយ៉ាវ ឬផ្អាកការដឹកជញ្ជូនទំនិញក្នុងតំបន់មួយចំនួន ។
ចាប់ពីថ្ងៃទី១ ខែកុម្ភៈ កន្លងមក អាកាសធាតុនៅប្រទេសជប៉ុននឹងកាន់តែអាក្រក់ខ្លាំង ក្នុងនោះភាគខាងលិចនឹងមានភ្លៀង និងព្រិលធ្លាក់នៅតំបន់ភ្នំ ខណៈភាគខាងកើតមានទាំងភ្លៀងធ្លាក់ និងព្រិល ។ រីឯទីក្រុងតូក្យូ មានភ្លៀងធ្លាក់ពេលថ្ងៃ ហើយអ្វីគួរឱ្យភ្ញាក់ផ្អើលនោះ គឺតំបន់ណាកូយ៉ា និងនិង៉ាតាក់ ស្ថិតនៅកណ្តាលប្រទេស សីតុណ្ហភាពនឹងធ្លាក់ចុះរហូតដល់ -២អង្សាសេ ។ ហេតុនេះ នៅទូទាំងប្រទេសជប៉ុននឹងមានអាកាសធាតុត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ និងត្រជាក់ខ្លាំងជាងរយៈពេល១០ឆ្នាំកន្លងមក ៕