«ទឹកធ្លាក់ជ្រាវ» ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ គឺជាទឹកធ្លាក់ដែលមានជម្រាលច្រើនដំណាក់ អំណោយផលដល់ការងូតទឹកលេងកម្សាន្ដពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ តំបន់រមណីយដ្ឋានទឹកធ្លាក់នេះគឺមានសក្តានុពលធំធេងណាស់ ព្រោះវាស្ថិតក្នុងតំបន់ជួរភ្នំឱរ៉ាល់ដែលប្រមូលផ្តុំដោយសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ហើយអ្វីដែលពិសេសនោះ គឺតំបន់នេះមានទឹកធ្លាក់ពីលើភ្នំរហូតដល់ ១៥ ម៉ែត្រដែលមានភាពទាក់ ទាញខ្លាំងបំផុតសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqRtPpjzPY7pvIWIOvvit9E9xsZD35S4TQQW_hzKpHCDXXo4dYT9yiU9MTD39wJ5z_vN-p9aStBUIWmVPuDcYR-WHbJUoHAWiXfcD4oWvxQZQM6kNA-GCWb3xvYl2j56H-ujakzD1GB3OGrChMHYDBtP-vONw9Z4M5OlOHaUqPwKSw7Y-ltX3MrWqSZ8rb/s2048/457569631_1032887845506958_3078503340554318205_n.jpg

ជាការពិតណាស់ សហគមន៍ទេសចរណ៍ទឹកធ្លាក់ជ្រាវ មិនត្រឹមជាតំបន់ទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតំបន់ដ៏មានសក្តានុពលបំផុតមួយប្រចាំខេត្តកំពង់ស្ពឺផងដែរ។ នៅទីនេះក្រៅពីងូតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ លោកអ្នកក៏អាចបោះតង់ អង្គុយគយគន់ទេសភាពព្រៃភ្នំពណ៌បៃតងខៀវខ្ចី មើលទឹកធ្លាក់ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងអង្គុយតាមក្ចុសស្តាប់សំឡេងសត្វយំលាយឡំនឹងស្នូរទឹកជ្រោះហូរធ្លាក់ពីលើថ្មយ៉ាងមានក្តីសុខទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhCmd7EsNyOzojb1vkl1ulW37guAAAC_BtyC4Yov6VeGu74hY5wpjRlYIuzSM8Ar4CKjWHmfMfdDzBBcDvVZGQLLADZbgSiUg2Ci5TGQDDwp0xby0bIAlhw0NH1ERZOVYb7O7isIYiaxlToc5gspfPUTDoamO92J6GWWiO1oB9ZEG9WNonld9SetzDvu0Z/s2048/458055635_1032887705506972_4931687836756279346_n.jpg

លើសពីនេះលោកអ្នកក៏អាចធ្វើម្ហូបដោយខ្លួនឯងតាមចំរាក់ផ្ទាំងថ្មក្រោមម្លប់ដើមឈើដ៏ត្រជាក់ ញ៉ាំជាមួយបងប្អូន គ្រួសារ និងមិត្តភក្តិយ៉ាងមានក្តីសុខ។ បច្ចុប្បន្នតំបន់នេះគឺមានប្រជាប្រិយភាពខ្លាំងណាស់ ដោយសារមានភ្ញៀវទេសចរទៅទស្សនាជាហូរហែឥតឈប់ឈរតែម្តង ជាពិសេសគឺថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទាន ដែលបានជួយលើកស្ទួយជីវភាពប្រជាសហគមន៍នៅក្នុងតំបន់នោះបានកាន់តែល្អប្រសើរជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAgBkbRmJW7YG6gPRQF1kb2be6IarZMxJ8gWNdHgu2g_i_b-W5x90Akd0z0ITfy-IUdNgr_Ds-UQTlXsFwnMOrv9RL4UBXc_goQ_3XiQE79zDYPUkWqGpde4qlImQ2sHWDd66nVsNejUtvni2Z-NCcX5tqEQTvPgoyK9aRXDqRZjsGZIy9xeCNazDQmW_H/s2048/458117114_1032887815506961_4385824876688419511_n.jpg
គួរបញ្ជាក់ដែរថា សហគមន៍ជ្រាវ និងរមណីយដ្ឋានចម្ការក្រូចគឺនៅជាប់គ្នា ដូច្នេះលោកអ្នកអាចទៅលេងចម្ការក្រូចក៏បាន ឬទៅលេងសហគមន៍ជ្រាវក៏បាន។ នៅសហគមន៍ជ្រាវនេះគឺជាសហគមន៍ដែលមានទឹកធ្លាក់ពីដំណាក់ទី១ រហូតដល់ដំណាក់ទី៧ កាលណាយើងឡើងកាន់តែខ្ពស់ទឹកធ្លាក់កាន់តែស្អាត និងមានទិដ្ឋភាពបែបស្ងប់ស្ងាត់ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់បងប្អូនក្នុងការទស្សនា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpUPW5q1HkjxoKMXtTlJ6htMX_skHnN35HSalee67tQF83w0stlTtAOhIFM6v9HukshVxHgNTBOH6leK-OrAv8RyfPX9B2m6QcAzRFqiBFw4GExRRNGD8_G83fpH1lLTuDvjCnMwwn4-Cu-kwscz7-HOUYQQB2Yd7RzaEbw0DAY0jWL5xbk60ujGtJWA4X/s960/458295366_1032878272174582_5808893251666019048_n.jpg

ហេតុនេះដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកជ្រោះជ្រាវ ភ្ញៀវទេសចរគឺមានភាពងាយស្រួល មិនមានការធ្វើដំណើរដោយថ្មើរជើងនៅលើផ្លូវវែងឆ្ងាយនោះទេ ហើយចំពោះរថយន្តអាចបើកឡើងទៅដល់ក្បែរទីតាំងលេងកម្សាន្តតែម្តង។ ទោះជាយ៉ាងណា រមណីយដ្ឋានទឹកធ្លាក់ជ្រាវគឺមិនមានហាងធំៗ និងទំនើបដូចជារមណីយដ្ឋានដ៏ទៃនោះទេ តែប្រជាពលរដ្ឋអាចធ្វើការកម្មង់ម្ហូបអាហារបាន ដោយអ្នកលក់នៅទីនោះមានភ្នាក់ងារដឹកជញ្ជូនទៅដល់កន្លែង និងមានសេវាកម្មល្អផងដែរ៕