ក្រសួងអប់រំ យុវជន និងកីឡា សម្រេចរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសឆ្នាំសិក្សា ២០២៤-២០២៥ ឡេីងវិញ ក្រោយប្រកាសផ្អាកកាលពីសប្តាហ៍មុន។
តាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖”នៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំនៃការប្រឡងនៅឆ្នាំសិក្សា ២០២៣-២០២៤។ ក្រសួងនឹងចេញសេចក្តីណែនាំបច្ចេកទេស សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥”។
សូមរំលឹកថា កាលពីសប្តាហ៍មុន ក្រសួងអប់រំ បានប្រកាសផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដោយលើកទឹកចិត្តឱ្យរាជធានី-ខេត្ត ធ្វើម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី-ខេត្តដោយខ្លួនឯង”។

សម្រាប់មូលហេតុដែលផ្អាកការប្រឡង ដោយសារក្រសួងយកពេលទៅផ្តោតលើការងារអាទិភាពក្នុងការលើកកម្ពស់ និងគាំទ្រសាលារៀនឱ្យក្លាយជាសាលាគំរូ សំដៅលើកកម្ពស់គុណភាពអប់រំ និងអនុវត្តជាបន្តបន្ទាប់នូវកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីឱ្យសិស្សានុសិស្សមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាស្របតាមសតវត្សរ៍ទី២១៕