ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំ ពិនិត្យមើលលទ្ធភាពសាងសង់ខ្សែផ្លូវជាតិលេខ ៧៨-៥ (ក្រុងបានលុង-កន្ទុយនាគ) ដែលជាគម្រោងអាទិភាពមួយរបស់រដ្ឋាភិបាល។
គម្រោងនេះ នឹងភ្ជាប់ខ្សែផ្លូវជាតិលេខ ៧៨-៥ ពីក្រុងបានលុងទៅតំបន់កន្ទុយនាគព្រំប្រទល់ ៣ ប្រទេស (កម្ពុជា-ឡាវ-វៀតណាម) និងខ្សែផ្លូវអាទិភាពមួយចំនួនទៀតក្នុងខេត្តភូមិភាគឦសាន ដើម្បីជំរុញការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ក្នុងគោលដៅជំរុញកំណើតសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍ និងកសិឧស្សាហកម្មជាដើម។

ផ្លូវនេះសរុបមានប្រវែង ១៩១ គីឡូម៉ែត្រ ចែកចេញជា ៣ កំណាត់ ដោយ៖
ទីមួយពីក្រុងបានលុងទៅភូមិតងណងលិមានប្រវែង ២១.៩៥គីឡូម៉ែត្រ
ទីពីរពីភូមិតងណងលិទៅដល់ស្រុកតាវែងជាផ្លូវល្បាយថ្មដែលមានប្រវែង ២៥.៩គីឡូម៉ែត្រ
ទី ៣ ពីស្រុកតាវែងរហូតទៅដល់តំបន់កន្ទុយនាគមានប្រវែង ១៤៣.៩៦គីឡូម៉ែត្រ
គួរបញ្ជាក់ថា តំបន់កន្ទុយនេះ ជាចំណុចប្រសព្វរវាងប្រទេស៣ (កម្ពុជា-ឡាវ-វៀតណាម)។ បច្ចុប្បន្ន ដើម្បីទៅកម្សាន្តនៅតំបន់នោះ តម្រូវឱ្យធ្វើដំណើរតាមស្រុកតាវែង ឆ្លងចូលប្រទេសវៀតណាម៕