្រទេសចិន ៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន South China Morning Post រាយការណ៍ថា ប្រទេសចិនទទួលបានជោគជ័យក្នុងការសាកល្បងឆ្កែយន្ត (Robot Dog) នៅកន្លែងត្រជាក់បំផុត គឺទ្វីបអង់តាកទិកដែលមានសីតុណ្ហភាពទាបរហូតដល់ -៤០អង្សាសេ ។ ក្រុមអ្នកសាកល្បងបានយកកៅស៊ូមករុំជើងឆ្កែយន្តដើម្បីការពារកុំឱ្យវារអិលពេលដើរលើទឹកកក ហើយពួកគេបានសាកល្បងឱ្យវាលើកវត្ថុមានទម្ងន់រហូតដល់១០០គីឡូក្រាម ។
ភាពជោគជ័យនេះនឹងធ្វើឱ្យប្រទេសចិនអាចប្រើប្រាស់ឆ្កែយន្តសម្រាប់ការស្រាវជ្រាវនៅទ្វីបអង់តាកទិកយ៉ាងមានប្រសិទ្ធភាព ព្រមទាំងប្រើប្រាស់ទិន្នន័យស្រាវជ្រាវសម្រាប់ឱ្យឆ្កែយន្តអភិវឌ្ឍន៍សមត្ថភាពបំពេញភារកិច្ចនៅកន្លែងស្មុគស្មាញ និងការងារចម្រុះ នាថ្ងៃអនាគត ។
ឆ្កែយន្តនេះមានជើងចំនួន៦ ដែលផលិតដោយសាកលវិទ្យាល័យ Shanghai Jiao Tong សហការជាមួយក្រុមហ៊ុន Lenovo ក្នុងគោលបំណងសម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ, ត្រួតពិនិត្យកន្លែងគ្រោះថ្នាក់ និងថែទាំមនុស្សចាស់ ។ ឆ្កែយន្តត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ និងបច្ចេកវិទ្យា AI ដើម្បីអាចប្រើប្រាស់បានច្រើនមុខងារ ។

ក្រុមអ្នកសាកល្បងបានយកឆ្កែយន្តទៅធ្វើតេស្តនៅកន្លែងស្រាវជ្រាវក្នុងតំបន់អង់តាកទិក Zhongshan ហើយក្រោយការធ្វើតេស្តឃើញថា វាអាចធ្វើការរហូតដល់ជាង៤ម៉ោងក្នុងសីតុណ្ហភាពទាបខ្លាំង ស្មើនឹង-៤០អង្សាសេ ។ វាថែមទាំងអាចត្រួតពិនិត្យស្នាមប្រេះទឹកកក និងបញ្ជូនឧបករណ៍ផ្សេងៗ ។
ក្រោយការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រឃើញថា ប្រទេសចិននឹងអាចប្រើប្រាស់ឆ្កែយន្តនេះសម្រាប់ការត្រួតពិនិត្យក្នុងរោងចក្រថាមពល ដោយសារវាអាចដើរនៅកន្លែងលំបាក ឬកន្លែងគ្រោះថ្នាក់ផ្សេងៗ ។ លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យា AI បានជួយបង្កើនសមត្ថភាពឆ្កែយន្តអាចថែទាំមនុស្សចាស់ទៀតផង ។
ចំណុចសំខាន់បំផុតក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ជាមួយឆ្កែយន្តជើង៦ គឺការមានគំរូសំឡេងខ្នាតធំ, ការចងចាំបរិយាកាសនៅជុំវិញដើម្បីអភិវឌ្ឍន៍សមត្ថភាពមើលឃើញ និងការយល់ដឹងពីកាយវិការរបស់មនុស្ស ។ ឆ្កែយន្តអាចធ្វើជាមិត្តភក្តិរបស់មនុស្ស និងជួយមនុស្សចាស់ ដូចជា ៖ ប្រាប់ផ្លូវ ឬទំនាក់ទំនងជាមួយអាជ្ញាធរករណីមានអាសន្នកើតឡើង ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញផ្នែកវិស្វកម្មមេកានិកនៃសាកលវិទ្យាល័យ Shanghai Jiao Tong ៕