កម្ពុជា គឺជាប្រទេសដែលសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិជាច្រើន ទាំងបឹង ស្ទឹង ទន្លេ និងសមុទ្រ ជាហេតុនាំឱ្យមានសំណង់ស្ពានកើតឡើងជាច្រើនកន្លែង។ ស្ពានជាសសៃឈាមនៃសេដ្ឋកិច្ច ក្នុងការបម្រើដល់ប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាសម្រួលដល់វិស័យដឹកជញ្ជូនក្នុងប្រទេសផងដែរ។ ស្ពានមានច្រើនដូចជា ស្ពានឈើ, ស្ពានថ្ម, ស្ពានដែក, ស្ពានអាកាស និងស្ពានបេតុង ដូច្នេះហើយតើលោកអ្នកដឹងទេថា ស្ពានណាខ្លះដែលវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាយើង?
១.ស្ពានអ្នកលឿង៖ ស្ពានអ្នកលឿង គឺជាស្ពានដែលវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ជាមួយប្រវែង ២,២១៥ ម៉ែត្រ ដោយឆ្លងទន្លេមេគង្គ ភ្ជាប់ពីខេត្តកណ្តាល ទៅខេត្តព្រៃវែង និងឆ្ពោះទៅខេត្តស្វាយរៀង។ ស្ពាននេះចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១១ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ ដោយចំណាយទឹកប្រាក់អស់ប្រមាណ ១៣០ លានដុល្លារអាមេរិក។

២.ស្ពានកោះកុង៖ គឺជាស្ពានដែលវែងជាងគេទីពីរនៅក្នុងប្រទេសកម្ពុជាយើង ជាមួយប្រវែងសរុប ១,៩០០ ម៉ែត្រ ដោយឆ្លងសមុទ្រដ៏វែងអន្លាយមួយ ភ្ជាប់ពីក្រុងខេមរៈភូមិន្ទ ភ្ជាប់ទៅឆ្នេរម្ខាងទៀត ឬឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃ។ ស្ពាននេះក៏ជាច្រកសេដ្ឋកិច្ចដ៏សំខាន់មួយដើម្បីធ្វើការដឹកជញ្ជូនទំនិញរវាងប្រទេសថៃ និងកម្ពុជាផងដែរ ។
៣.ស្ពានមេគង្គ៖ គឺជាស្ពានដែលមានប្រវែងសរុប ១៧៣១ ម៉ែត្រ មានទីតាំងនៅខេត្ត ស្ទឹងត្រែង។ ស្ពាននេះជាស្ពានដែលឆ្លងពីខេត្តស្ទឹងត្រែង ទៅខេត្តព្រះវិហារ ដោយបានសាងសង់នៅឆ្នាំ ២០១២ និងសម្ពោធដំណើរការនៅក្នុងឆ្នាំ ២០១៥។ ស្ពានមេគង្គ ចំណាយថវិការសរុបប្រមាណ ១១៦.៥ លានដុល្លារអាមេរិក។
៤.ស្ពានគីហ្សូណា៖ គឺជាស្ពានវែងជាងគេទីបួននៅក្នុងប្រទេសកម្ពុជាយើង ដែលមានប្រវែងសរុប ១,៥០០ម៉ែត្រ មានទីតាំងនៅខេត្តកំពង់ចាម។ ស្ពាននេះជាស្ពានដែលឆ្លងកាត់ទន្លេមេគង្គ ដោយបានសាងសង់នៅឆ្នាំ ១៩៩៩ និងសម្ពោធឱ្យប្រើប្រាស់នៅឆ្នាំ ២០០១។ ស្ពានគីហ្សូណា ក៏ជាស្ពានមួយដែលលេចរូបរាងនៅលើក្រដាស ៥០០ រៀលខ្មែរផងដែរ។
៥.ស្ពានព្រែកតាមាក់៖ ស្ពានព្រែកតាមាក់ មានប្រវែង ១ ០៦៦ ម៉ែត្រ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ស្ពាននេះត្រូវបានសាងសង់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៧ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០ ហើយបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១១ ដោយចំណាយថវិកាអស់ប្រមាណ ៤៤ លានដុល្លារអាមេរិក៕