បទចម្រៀង Diss Track «ថីអ្ហែងថី» របស់តារាចម្រៀង ជី ដេវីត ផ្ទុះខ្លាំងមិនធម្មតាដោយត្រឹមតែរយៈពេល២៥ម៉ោងបទនេះមានការស្តាប់រហូតដល់១០លានដងនៅលើហ្វេកប៊ុក។ សមិទ្ធផលនេះបានធ្វើឱ្យ ជី ដេវីត បង្កើតកំណត់ត្រាដំបូងនៅក្នុងវិស័យរ៉េបដែលមានបទ Diss គ្នាឈានដល់តួលេខនេះដោយប្រើពេលយ៉ាងខ្លី។ ឃើញការគាំទ្រខ្លាំងដូចនេះ តាប៊ុយ បានលើកឡើងដោយសង្ឃឹមថាតារាចម្រៀងខ្មែរទាំងអស់ទទួលបានការគាំទ្រច្រើនៗដូចនេះ។
កាលពីយប់ថ្ងៃទី២៧ មករា តារាចម្រៀង ជី ដេវីត បានទម្លាក់បទចម្រៀង Diss Track មួយបទមានចំណងជើងថា «ថីអ្ហែងថី» ផ្អើលអស់មហាជន អ្នកសិល្បៈ ហ្វេនៗមិនថាខាងគេឬខាងខ្លួនឯងដែលធ្វើឱ្យសន្ទុះបទនេះមានការចូលមើលរាប់លានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ អ្វីដែលកាន់តែចាប់អារម្មណ៍ ត្រឹមតែ២៥ម៉ោងប៉ុណ្ណោះ ជី ដេវីត បានសាងសមិទ្ធផលដ៏អស្ចារ្យទៅលើបទនេះដែលមានការស្តាប់រហូតដល់១០លានដង។
នៅយប់ថ្ងៃទី២៨ ខែមករា ហ្វេកប៊ុក stephen row : អ្នកវិភាគឯករាជ្យ បានបង្ហោះថា «អបអរសាទរ លោក ជី ដេវីត ហៅ DITWAY តារារ៉េបរបស់កម្ពុជាដំបូងគេដែលបំបែកកំណត់ត្រា ១០លានចំនួនទស្សនា ក្នុងពេលត្រឹម ២៥ម៉ោង នៅម៉ោង 20:00 PM ថ្ងៃនេះក្នុងបណ្តាញសង្គម FACEBOOK» ខណៈខ្លឹមសារមួយនេះត្រូវបានពិធីករ តាប៊ុយ Screenshot យកមកបង្ហោះបន្តផងដែរ។

ជាមួយនឹងការបង្ហោះនេះ តាប៊ុយ បានបង្ហើរពាក្យមួយឃ្លាដែរថា «Wow 10M ជូនពរឱ្យបទចំរៀងoriginalរបស់សិល្បករខ្មែរទាំងអស់ល្បីនិងមានviewច្រើនៗ»។
គួរឱ្យដឹងថា ដើមឡើយ ជី ដេវីត គ្រោងនឹងទម្លាក់នៅថ្ងៃទី២៩ ប៉ុន្តែលោកបានសម្រេចចិត្តមិនឱ្យហ្វេនរង់ចាំយូរទម្លាក់មុនការកំណត់។ បទចម្រៀង Diss Track «ថីអ្ហែងថី» មានឃ្លាសាហាវៗជាច្រើនហើយឃ្លាដែលទស្សនិកជនចាប់អារម្មណ៍ជាងគេគឺ ដៃខ្លីជើងខ្លីមួយជីវិត និងពាក់ព័ន្ធនឹងជំងឺកាមរោគ។ ការចេញបទចម្រៀងរបស់ ជី ដេវីត បន្ទាប់ពីមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមពី វណ្ណដា ច្រៀងបទ «J+O II» និងឃ្លីបពាក់ព័ន្ធនឹងការចាប់ដៃ៕