ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ការិយាល័យដឹកជញ្ជូនផ្លូវគោករបស់សិង្ហបុរីប្រកាសថា សិង្ហបុរីនឹងសាកល្បងគម្រោងផ្តល់សេវាកម្មរថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិ រយៈពេល៣ឆ្នាំ ដោយអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ២០២៦ តទៅ ហើយរថយន្តក្រុងនឹងបើកបរនៅលើផ្លូវចំនួន២ ដែលបានកំណត់ ។
គម្រោងសាកល្បងនេះនឹងចាប់ផ្តើមប្រើប្រាស់រថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិ ចំនួន៦គ្រឿង ហើយរថយន្តនីមួយៗមានកៅអីអង្គុយយ៉ាងហោចណាស់ ១៦កៅអី និងបើកបរនៅលើផ្លូវជិតៗងាយស្រួលធ្វើដំណើរ ។ គម្រោងនេះមានគោលដៅវាយតម្លៃពីបច្ចេកទេសបើកបរ និងស្រាវជ្រាវទិន្នន័យស៊ីជម្រៅពាក់ព័ន្ធនឹងសុវត្ថិភាពការបើកបររបស់រថយន្តនីមួយៗ ។.jpg)
ការសាកល្បងដំណាក់កាលទី១ គឺនឹងមានអ្នកបើកបររថយន្តប្រចាំការក្នុងរថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិ ដើម្បីមើលការខុសត្រូវផ្សេងៗ ដូចជា ៖ ការទទួល និងជូនអ្នកដំណើរទៅកាន់គោលដៅដោយសុវត្ថិភាព, អ្នកដំណើរត្រូវអង្គុយស្ងៀមលើកៅអី និងពាក់ខ្សែក្រវ៉ាត់ការពារ ព្រមទាំងមានបុគ្គលិកសម្រាប់អ្នកដំណើរត្រូវការជំនួយ ។.jpg)
ពេលរថយន្តក្រុងទាំងនេះអាចបើកបរនៅលើផ្លូវ និងមានការគ្រប់គ្រងពីចម្ងាយគួរឱ្យទុកចិត្តហើយ គឺភ្នាក់ងារផ្តល់សុវត្ថិភាពពីចម្ងាយនឹងបញ្ជារថយន្តក្រុងជំនួសអ្នកបើកបរ ។ រីឯការិយាល័យដឹកជញ្ជូនផ្លូវគោកនឹងតាមដានការបើកបររបស់រថយន្តក្រុងទាំងនេះគ្រប់ពេលវេលានៃការសាកល្បង ដើម្បីវាយតម្លៃពីប្រសិទ្ធភាព និងការបំពេញតាមលក្ខខណ្ឌនានា ។.jpg)
បើគម្រោងសាកល្បងទទួលបានជោគជ័យ ការិយាល័យដឹកជញ្ជូនផ្លូវគោកនឹងទិញរថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិបន្ថែម រហូតដល់១៤គ្រឿង និងបន្ថែមផ្លូវសាកល្បងចំនួន២ ទៀត ។ ក្រសួងដឹកជញ្ជូនសិង្ហបុរីបានប្រកាសកាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៥ ថា គម្រោងផ្លូវ «Friendly Streets» នឹងដំណើរការជាបណ្តើរៗក្នុងឆមាសទី១ ឆ្នាំ២០២៥ ហើយសិង្ហបុរីនឹងមានផ្លូវ Friendly Streets យ៉ាងហោចណាស់ ១ផ្លូវ នៅឆ្នាំ២០៣០ ។
គួរបញ្ជាក់ថា សិង្ហបុរីបានសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិជាច្រើនប្រភេទអស់រយៈពេលជាច្រើនឆ្នាំហើយ រួមទាំងការសាកល្បងរថយន្តដឹកទំនិញ និងរថយន្តតាក់ស៊ី ៕










