សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងថា Microsoft ជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅលើពិភពលោក កំពុងចរចាសុំទិញ TikTok របស់ក្រុមហ៊ុន ByteDance ដែលមានការិយាល័យធំនៅប្រទេសចិន ហើយមានក្រុមហ៊ុនផ្សេងៗជាច្រើនទៀតចាប់អារម្មណ៍ទិញ TikTok យ៉ាងខ្លាំង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ។
.png)
អតីតប្រធានាធិបតីអាមេរិក លោក Joe Biden និងលោក Trump បានព្យាយាមចរចាឱ្យ ByteDance ជាក្រុមហ៊ុនមេរបស់ TikTok នៅប្រទេសចិន លក់បណ្តាញសង្គមនេះឱ្យអាមេរិក ដោយសារអាមេរិកបារម្ភពីសន្តិសុខជាតិជាច្រើនឆ្នាំ ។ បើទោះជាអាមេរិកអនុញ្ញាតឱ្យ TikTok ដំណើរការរយៈពេល៧៥ថ្ងៃ ប៉ុន្តែលោក Trump ជាប្រធានាធិបតីដំបូងគេ ដែលចាប់ផ្តើមដាក់សម្ពាធឱ្យ ByteDance លក់បណ្តាញសង្គម ។
.png)
កាលពីថ្ងៃទី២៧ ខែមករា កន្លងមក លោក Trump បានថ្លែងទៅកាន់ក្រុមអ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋ នៅរដ្ឋផ្លរីដា អំពីការលក់ TikTok ថា ៖ «យើងរង់ចាំមើលថា តើនឹងមានអ្វីកើតឡើង? ពីព្រោះមានមនុស្សច្រើននាក់ចង់ទិញបណ្តាញសង្គមនេះ ។ បើយើងទិញវាបាន គឺចិននឹងពុំចូលពាក់ព័ន្ធទេ យើងពុំត្រូវការឱ្យចិនពាក់ព័ន្ធជាមួយអាមេរិកទេ» ។

លោក Trump ថ្លែងថា លោកបានពិភាក្សាជាមួយភាគីជាច្រើនអំពីការទិញ TikTok ហើយលោកនឹងសម្រេចចិត្តលើអនាគតបណ្តាញសង្គមមួយនេះ ក្នុងរយៈពេល៣០ថ្ងៃទៀត ។ រីឯអ្នកនាំពាក្យរបស់ក្រុមហ៊ុន Microsoft ពុំទាន់និយាយអ្វីទេ ពាក់ព័ន្ធនឹងការសុំទិញ TikTok ។

មុនពេលបិទដំណើរការ TikTok នៅអាមេរិករយៈពេលខ្លី មានការលើកឡើងថា មហាសេដ្ឋីជាច្រើនរូបចាប់អារម្មណ៍ទិញ TikTok ដូចជា ៖ មហាសេដ្ឋីអាមេរិក លោក Frank McCourt ជាម្ចាស់គម្រោងអចលនទ្រព្យ, អ្នកជំនួញកាណាដាដ៏ល្បីល្បាញ លោក Kevin O’Leary, លោក Jimmy Donaldson ឬ MrBeast គឺជា YouTuber ដ៏ល្បីបំផុតលើពិភពលោក ដែលមានមនុស្សតាមដានជាង៣៤៤លាននាក់ និងនាយកក្រុមហ៊ុន Tesla លោក Elon Musk ៕







