បុណ្យចូលឆ្នាំប្រពៃណីចិន ដែលត្រូវបានជនជាតិចិនក៏ដូចជាខ្សែស្រឡាយកាត់ចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ ២០២៥ នេះ នឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមករា។ ដូច្នេះហើយមកដឹងពីតំណមខ្លះៗ តាមក្បួនហុងស៊ុយ ដើម្បីឲ្យលោកអ្នកទទួលបានសិរីសួស្តីពេញមួយឆ្នាំ។
យោងតាមប្រភព The Telegrah តំណមមួយចំនួនដែលអ្នកគួរប្រព្រឹត្តិក្នុងថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំចិនគឺរួមមាន៖
១ ហាមលេបថ្នាំ៖ ការលេបថ្នាំនៅថ្ងៃដំបូងនៃពិធីបុណ្យ មានន័យថាមនុស្សម្នាក់នឹងឈឺពេញមួយឆ្នាំ។
២ ហាមពិសារបបរនៅពេលព្រឹក៖ ជាទូទៅក្នុងប្រពៃណីចិន បបរត្រូវបានគេចាត់ទុកថាមានតែអ្នកក្រប៉ុណ្ណោះ។
៣ លោកអ្នកមិនគួរបោកសម្លៀកបំពាក់នៅថ្ងៃទី១និងទី២ឡើយ ព្រោះចំថ្ងៃថ្ងៃកំណើតរបស់ទេវតាទឹក Shuishen។
៤ មិនត្រូវកក់សក់នៅថ្ងៃដំបូងឡើយ (ការកក់សក់មានន័យថាជាការលាងជម្រះលាភសំណាងនៅដើមឆ្នាំថ្មី)។
៥ ចៀសវាងប្រើប្រាស់កាំបិត និងកន្ត្រៃ ព្រោះថាបើមានឧបទ្ទវហេតុណាមួយកើតឡើង គឺជាប្រផ្នូលមិនល្អពេញមួយឆ្នាំ។

៦ មិនត្រូវចេញដើរលេងក្រៅ ជាពិសេសគឺនារីបើមិនដូច្នេះទេ នាងនឹងជួបរឿងអាក្រក់ពេញមួយឆ្នាំខាងមុខ។ កូនស្រីដែលរៀបការរួចមិនអនុញ្ញាតឱ្យទៅលេងផ្ទះឪពុកម្តាយទេ ព្រោះគេជឿថានាំសំណាងអាក្រក់ដល់ឪពុកម្តាយ។
៧ មិនត្រូវបោសផ្ទះក្នុងថ្ងៃទី ១ទេ ព្រោះជាការបោសលាភសំណាងនិងទ្រព្យសម្បត្តិចេញ។
៨ មិនត្រូវខ្ចីលុយគេក្នុងថ្ងៃចូលឆ្នាំឡើយ ខណៈម្ចាស់បំណុលក៏តំណមមិនឲ្យទារលុយនាថ្ងៃនេះផងដែរ ព្រោះនឹងលុយចង្រៃចូលផ្ទះ។
៩ ហាមស្លៀកសម្លៀកបំពាក់ដាច់រហែក។
១០ ហាមផ្តល់អំណោយជានាឡិកា និងកន្ត្រៃ ព្រោះតំណាងឲ្យវត្ថុមិនល្អក្នុងវប្បធម៌ចិន។
១១ ហាមសម្លាប់សត្វ ព្រោះឈាមជាប្រផ្នូលមិនល្អ៕