ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើទិដ្ឋភាពក្នុងពិធីមង្គលការមួយ ដែលកូនកំឡោះនិងកូនក្រមុំកំពុងតែធ្វើកិច្ចពិធីបង់នំ ខណៈក៏មានញាតិមិត្តបងប្អូនចោមរោមមើលយ៉ាងសប្បាយរីករាយ។
ពិធីមង្គលការនេះត្រូវបានគេឲ្យដឹងថា បានប្រារព្ធឡើងកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ នៅឯឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ជាមួយគ្នានោះ គណនីកូនក្រមុំសំ ស្រីនិត ក៏បានចែករំលែកនូវចំណាប់អារម្មណ៍ថា «បំណងប្រាថ្នារបស់ខ្ញុំយូរហើយ ពេលនេះបានដូចបំណង»។ យ៉ាងណា បន្ទាប់ពីមានការដាក់បង្ហោះខាងលើរួចមក ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនហាក់មិនដែលប្រទះឃើញពិធីនេះពីមុនមកនោះឡើង និងបានផ្ទុះឡើងជាចម្ងល់ថាតើគេប្រារព្ធឡើងដើម្បីអ្វី?

ជាការពិតណាស់ នេះគឺជាពិធីបង់នំទ្រាំ ឬនំកន្ទ្រំា គឺជាប្រពៃណីតាមតំបន់ យោងតាមការចែករំលែកតៗគ្នាមកបានឲ្យដឹងថា «ពិធីបង់នំទ្រាំមានន័យថា ពេលយើងបានក្លាយជាប្តីប្រពន្ធនិងគ្នាហើយ គឺបង្គប់ន័យអោយនិងអត់ធ្មត់ ចេះអត់អោនអោយគ្នា។ ការហើយត្រូវតែមានកូនដែលយើងជាម្ដាយត្រូវតែមានតួនាទីថែរក្សាកូនអោយល្អ«។
ចំណែកអ្នកដែលរស់នៅខេត្តស្វាយរៀងម្នាក់បានឲ្យដឹងទៀតថា «ស្រុកខ្ញុំកាលពី ២០ ឆ្នាំមុនគេការហើយគេអោយកូនក្រមុំកូនកំលោះធ្វើនំនេះទៅលេងផ្ទះសាច់ញ្ញាតិទាំងសងខាង ហើយបងប្អូនខ្លះគួចដៃជាអង្ករ ស្រូវ គ្រាប់ពូជ ចានឆ្នាំង មាន់ទា ជ្រូក លុយ ដើម្បីបង្កើតគ្រួសារថ្មី តែឥលូវបាត់បង់អស់ហើយ»។
សូមជម្រាបថា នំទ្រាំឬនំកន្រ្ទាំ គឺជានំខ្មែរមួយប្រភេទ ដែលតែងលេចឡើងសម្រាប់ធ្វើជាអាហារសម្រន់ឬបង្អែម ក្នុងឱកាសសំខាន់ៗ ដូចជាពិធីមង្គលការ បុណ្យទាន ឬក៏ទៅវត្តប្រគេនព្រះសង្ឃជាដើម៕