គេហទំព័រ SEA Infographics បានធ្វើគូសបញ្ជាក់អំពីទីក្រុងទាំង ៣១ នៅអាស៊ី ដែលមានតម្លៃសមរម្យបំផុត សម្រាប់អ្នកដំណើរឆ្នាំ ២០២៥។ ក្នុងនោះ កម្ពុជានិងប្រទេសក្បែរខាង បានជាប់ក្នុងចំណោមទីក្រុងមានតម្លៃសមរម្យ ដែលការចាយវាយសរុបប្រចាំថ្ងៃ ប្រហាក់ប្រហែលគ្នាផងដែរ។
ប្រភពខាងលើបានគូសបញ្ជាក់ថា នៅតំបន់អាស៊ី កន្លែងដែលអ្នកទេសចរណ៍ចាយប្រាក់តិចបំផុតនោះគឺ ក្រុងវៀងច័ន្ទ ប្រទេសឡាវ ម្នាក់ចំណាយត្រឹមតែ ១៨.២៨ ដុល្លារ សប្បាយបានពេញមួយថ្ងៃ។ រីឯក្រុងហូជីមិញ និងក្រុងហាណូយប្រទេសវៀតណាមវិញក៏ថោកដែរ មនុស្សម្នាក់ មួយថ្ងៃចាយត្រឹមតែ ២០.៣៧ ដុល្លារប៉ុណ្ណោះ។ ខណៈក្រុងភ្នំពេញ ប្រទេសកម្ពុជា មនុស្សម្នាក់ចាយខ្ទង់ ២៨.៥៨ ដុល្លារ និងក្រុងបំាងកក ប្រទេសថៃ ប្រមាណ ២៩.២៦ ដុល្លារក្នុងមួយថ្ងៃ។

ក្រឡេកទៅកាន់ទីក្រុងសិង្ហបុរីវិញ មានការចំណាយរៀងខ្ពស់ជាងគេបន្តិចក្នុងតំបន់អាស៊ី ដែលមនុស្សម្នាក់ ក្នុងមួយថ្ងៃចាយប្រាក់ ៧៩.៤០ ដុល្លារ។ បន្ទាប់មកគឺ ក្រុងហុងកុង ៧២.១៦ ដុល្លារក្នុងមួយថ្ងៃ និងតូក្យូ ប្រទេសជប៉ុន ៦៨.០២ ដុល្លារ ក្នុងមួយថ្ងៃផងដែរ។
សូមជម្រាបថា ការចំណាយនេះគឺផ្តោតទៅលើ តម្លៃសណ្ឋាគារល្អប្រណិតនិងធូរថ្លៃមួយយប់, អាហារ ៣ ពេល , មធ្យោបាយធ្វើដំណើរ, ទៅកម្សាន្តកន្លែងវប្បធម៌ចំនួន១ និងកន្លែងផឹកស្រាកម្សាន្តជាដើម ដែលទាំងនេះគឺជាសកម្មភាពរបស់មនុស្សម្នាក់ក្នុងមួយថ្ងៃៗ នៅពេលដែលពួកគេស្ថិតក្នុងទីក្រុងទាំងនោះ៕