ពិធីការិនីដ៏មានឈ្មោះបោះសំឡេងសម្រាប់ប្រទេសកម្ពុជាអ្នកនាង យុគ ចិន្តា បានផ្តល់បទសម្ភាសន៍យ៉ាងកម្រនៅក្នុងកម្មវិធីអ្នកនាង ពេជ្រ សិរីរ័ត្ន ដោយបានរៀបរាប់រឿងជាច្រើនទាំងជីវិតឯកជននិងអាជីពសិល្បៈរបស់ខ្លួន។ យុទ្ធសាស្រ្តចិញ្ចឹមកូនរបស់ពិធីការិនីរូបនេះមហាជនចាប់អារម្មណ៍ខ្លាំងព្រោះបានទូន្មានកូនឱ្យយកចំណេះវិជ្ជាជាត្រីមុខមិនមែនយកសម្ផស្សជាអាទិភាព។
ថ្លែងក្នុងកម្មវិធី សខ្មៅ ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី២៣ មករា អ្នកនាង យុគ ចិន្តា បាននិយាយថាកាលពីកូនរបស់អ្នកនាងនៅតូចពុំសូវបានជួបកូនទេព្រោះតែរវល់ការងារ ប៉ុន្តែបានប្រាប់ខ្លួនថានៅពេលកូនបងអាយុ១៥ឆ្នាំអ្នកនាងត្រូវលះបង់ការងារទាំងអស់យកពេលមកនៅជាមួយកូនធ្វើជាមិត្តភក្តិ ធ្វើជាទីប្រឹក្សា ធ្វើគ្រប់បែបយ៉ាងឱ្យគាត់។ ពិធីការិនីឆ្នើមរូបនេះបានបន្ថែមទៀតថានៅពេលនៅជាមួយគ្នា(កូន) អ្នកនាងតែងតែនិយាយរឿងខ្លួនឯងឱ្យកូនស្តាប់ពីការតស៊ូពីក្មេង ធ្វើអ្វីខ្លះ ប្រឡូកការងារសិល្បៈទម្រាំខ្លួនល្បីឆ្លងកាត់អ្វីខ្លះ ជុំខ្លួនអ្នកណាឱ្យតម្លៃអ្នកណាមិនឱ្យតម្លៃតែងតែនិយាយពីមួយជំនាន់ទៅមួយជំនាន់ឱ្យកូនស្តាប់។
អ្នកនាង យុគ ចិន្តា បាននិយាយទូន្មានកូនទៀតថានៅសម័យកូនបើចង់ធ្វើអ្វីមួយដែលទទួលរូបភាពជោគជ័យគឺចំណេះវិជ្ជាមិនមែនសម្ផស្សមិនមែនដូចជាជំនាន់ម៉ាក់តម្រិះវិជ្ជាល្មមៗគេយកទៅសិនព្រោះមិនសូវមានធនធានមនុស្សឱ្យតែបានស្អាត ប៉ុន្តែជំនាន់កូនអត់អាចយករូបភាពស្អាតបានទេគឺតម្រិះវិជ្ជាហើយសមត្ថភាពត្រូវបានឱ្យបានច្រើនជំនាញអ្វីដែលកូនត្រូវរៀន។ អ្នកនាងបានបន្តទៀតថា ខ្លួនបានយកកូនដើរតាមគ្រប់កន្លែងផ្សេងៗទៅតាមចំណង់ចំណូលចិត្តនិងនិយាយពន្យល់គ្រប់រឿងទៅកាន់កូនរបស់ខ្លួន។
ពិធីការិនីជើងចាស់រូបនេះបានបញ្ជាក់ទៀតថាចំពោះការបើកសិទ្ធិសេរីភាពឱ្យកូនគឺឱ្យកូនយល់ពីសង្គម ការបិទសេរីភាពរបស់កូនគឺបានន័យថាការបិទហ្នឹងដោយសារតែយើងមិនចេះមានវីធីក្នុងការគ្រប់គ្រងទាំងការបើកឬក៏ការបិទ។ អ្នកនាង ចិន្តា ថាការបើកគឺយើងត្រូវផ្តល់ឱកាសឱ្យក្មេងស្គាល់ពីសង្គមបច្ចុប្បន្នហើយយើងដើរជាមួយគាត់បង្រៀនគាត់គ្រប់បែបយ៉ាងទាំងអស់ឱ្យគាត់ស្គាល់។ អ្នកនាង យុគ ចិន្តា ថាចំពោះការបិទវិញហាក់បីដូចជាមិនឱ្យក្មេងស្គាល់ពីសង្គមឧទាហរណ៍មួយរឿងអ្វីមួយកើតឡើងតើគាត់ត្រូវដោះស្រាយបែបមិចបើគាត់អត់ដែលបានឆ្លងកាត់ហើយកូនស្រីរបស់អ្នកនាង អ្នកនាងបង្រៀនគ្រប់រឿង។

ការចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមកូនរបស់អ្នកនាង យុគ ចិន្តា មានទស្សនិកជនជាច្រើនបង្ហាញការពេញចិត្តជាច្រើនអ្នកមួយចំនួនថែមទាំងមានបំណងចង់អប់រំប្រដៅកូនដូចជាពិធីការិនីឆ្នើមរូបនេះ៕