យើងដឹងហើយថា នៅលើពិភពលោកយើងនេះមានទ្វីបសរុបទាំងអស់ចំនួន ៧ ក្នុងនោះមានទ្វីបអឺរ៉ុប, អាស៊ី, អាហ្វ្រិក, អង់តាក់ទិច, ទ្វីបអូស្រ្តាលី និងទ្វីបអាមេរិកខាងជើង រួមទាំងទ្វីបអាមេរិកខាងត្បូង។ ទោះជាយ៉ាងណានៅថ្ងៃអនាគតអ្នកវិទ្យាសាស្ត្របានព្យាករណ៍ថា ទ្វីបនៅលើពិភពលោកយើងនេះទំនងនឹងមាន ៨ ដោយសារបច្ចុប្បន្នមានទ្វីបមួយកំពុងបំបែកខ្លួនជាពីរក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់ ដែលទ្វីបនោះគឺជាទ្វីបអាហ្វ្រិក។.png)
ទ្វីបអាហ្វ្រិកត្រូវបានគេសង្កេតឃើញថាមានស្នាមប្រេះប្រវែង ៥៦ គីឡូម៉ែត្រនៅវាលខ្សាច់អេត្យូពី ហើយកំពុងពង្រីកក្នុងអត្រាប្រហែល ១.២៧ សង់ទីម៉ែត្រក្នុងមួយឆ្នាំ។ ស្នាមប្រេះនេះត្រូវបានរកឃើញនៅឆ្នាំ ២០០៥ ហើយបច្ចុប្បន្នវាបានពង្រីកខ្លួនធំទៅៗ ដោយអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវជឿថា ផែនដីអាចនឹងបង្កើតទ្វីបមួយទៀត នៅពេលទ្វីបអាហ្រ្វិកត្រូវបានបំបែកជាពាក់កណ្តាលដោយការប្រេះឆាដ៏ធំមួយ ដែលកំពុងតែកើនឡើងលឿនបំផុត។
ភាពប្រេះឆាបានលាតសន្ធឹងពាសពេញប្រទេសសូម៉ាលី កេនយ៉ា តង់ហ្សានី និងពាក់កណ្តាលនៃប្រទេសអេត្យូពី ដែលអ្នកជំនាញជាច្រើនជឿជាក់ថានឹងក្លាយជាទ្វីបថ្មីមួយហៅថា “ទ្វីប Nubian”។ យោងតាមលោក Ken Macdonald សាស្ត្រាចារ្យនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា Santa Barbara បានចែករំលែកថា ទ្វីប Nubian អាចកើតឡើងក្នុងរយៈពេល ១ ទៅ ៥ លានឆ្នាំខាងមុដោយអាចមានមហាសមុទ្រថ្មីមួយទៀតកើតឡើង ហើយទំនងជាជ្រៅដូចមហាសមុទ្រអាត្លង់ទិកដែរ។ ដូច្នេះនៅថ្ងៃអនាគតពិភពលោកយើងនេះទំនងនឹងមានទ្វីបចំនួន ៨ ក៏ដូចជាមានមហាសមុទ្រចំនួន ៦ ខណៈបច្ចុប្បន្នផែនដីមានទ្វីបត្រឹមតែ ៧ និងមហាសមុទ្រធំៗមាន ៥ ប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ការបំបែកទ្វីបនេះមានប្រភពចេញពីប្រព័ន្ធប្រេះស្រាំអាហ្រ្វិកខាងកើត ដែលជាការប្រេះឆាប្រវែង ៣,២១៨ គីឡូម៉ែត្រ បានកើតឡើងតាំងពី ២២ លានឆ្នាំមុន។ តំបន់នេះក៏ជាកន្លែងនៃបន្ទះប្លាកែតពីរ គឺសូម៉ាលី និងនូប៊ី ដែលកំពុងរំកិលដាច់ពីគ្នាផងដែរ ហើយសំបកផែនដី និងផ្នែកខាងលើនៃអាវធំដែលបង្កើតជា lithosphere ក៏ត្រូវបានបែងចែកទៅជាបន្ទះ tectonic ផ្សេងៗគ្នាទៀតផង។
ហេតុនេះស្នាមប្រេះក៏បានលេចឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកេនយ៉ាក្នុងឆ្នាំ ២០១៨ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងអ្នកស្រុកមួយចំនួនរាយការណ៍ថាមានអារម្មណ៍ថាដីញ័រខ្លាំងនៅពេលនោះ។ ក្រុមអ្នកស្រាវជ្រាវបានព្រមានថា “ស្នាមប្រេះ” បែបនេះនឹងបន្តកើតមានឥតឈប់ឈរ ខណៈដែលផ្នែកទាំងពីរដាច់ដោយឡែកពីគ្នា ជាមួយម៉ាដាហ្គាស្ការក៏បំបែកទៅជាកោះពីរដាច់ដោយឡែកពីគ្នាផងដែរ៕










