មិនដឹងថាកំពុងប្រឈមនឹងវិបតិ្តអ្វីពិធីករ ជា វណ្ណារិទ្ធ បានបង្ហោះសំណេរមួយធ្វើឱ្យអ្នកស្គាល់លោកនិងអ្នកគាំទ្រជាច្រើនចូលទៅផ្តល់កម្លាំងចិត្តខណៈមានការលើកឡើងទៀតថាមនុស្សល្អដូចជាលោក ជា វណ្ណារិទ្ធ ទេវតាមិនបិទផ្លូវនោះទេ។
នៅយប់ថ្ងៃទី២៤ មករា ឆ្នាំ២០២៥ លោក ជា វណ្ណារិទ្ធ បានបង្ហោះសំណេរមួយថា «ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនៅតែប្រឹងដើម្បីស្នាមញញឹមគ្រួសារខ្ញុំ អរគុណមនុស្សល្អៗដែលជួយខ្ញុំសូមទោសដែលពេលនេះមិនទាន់អាចដោះស្រាយជូនបាន ខ្ញុំសូមទោស មិនយូរមិនឆាប់ខ្ញុំមិនឱ្យអស់សង្ឃឹមលើខ្ញុំទេដោយក្តីគោរព អស់ពីចិត្ត!»។ មិនដឹងច្បាស់ថាពិធីកររូបនេះកំពុងប្រឈមនឹងវិបត្តិអ្វី ប៉ុន្តែទស្សនិកជនជាអ្នកគាំទ្រនិងបណ្តាអ្នកស្គាល់លោកបានចូលទៅផ្តល់កម្លាំងចិត្តយ៉ាងច្រើន។

អ្នកនាង ស្រីអូន បានសរសេរថា«ប្រឹងទាំងអស់គ្នាបង» ឧកញ៉ា យឹម តាស្រង់ ពោលថា «មនុស្សល្អតស៊ូដូចប្អូននឹងឆ្លងផុតរឿងដែលកំពុងលំបាក»។ ភរិយារបស់លោកផ្ទាល់បានចូលខម្មិនដែរថា «ប៉ាៗ ដូចច្រើនStatus» ស្របពេលលោក ជា វណ្ណារិទ្ធ បានតបភរិយាវិញថា «ច្រើនរឿង សង្ឃឹមបងអាចផ្តល់ស្នាមញញឹមល្អជូនអូនម្តងទៀតថ្ងៃណាមួយ»។ ជាមួយគ្នានេះអ្នកគាំទ្រជាច្រើនបានផ្តល់កម្លាំងដល់លោកឱ្យតស៊ូទៅមុខទៀតព្រោះលោកគឺជាស្វាមី និងជាឪពុកដ៏ល្អ ជាបង្គោលធំនៅក្នុងគ្រួសារ។
ពិធីកររូបនេះក៏បានបង្ហោះសំណេរផ្សេងទៀតថា «ខ្ញុំដឹងនូវអ្វីដែលខ្ញុំធ្វើ
ហើយអ្វីជាទំនួលខុសត្រូវសូមទោសដែលមិនទាន់អាចផ្តល់ស្នាមញញឹមពេញលេញដល់គ្រួសារតូចមួយនេះបាន មានតែព្យាយាមទៀត»។
កន្លងមកនេះទស្សនិកជនបានសង្កេតឃើញថា ពិធីករ ជា វណ្ណារិទ្ធ បានខិតខំយ៉ាងខ្លាំងនៅក្នុងគ្រួសារទោះបីជាមមាញឹកទៅលើការងារសិល្បៈជាពិធីករតាមពិធីមង្គលការនិងកម្មវិធីកម្សាន្តទៀតលោកនៅតែជួយលក់ដូរភរិយាជួយដឹកអីវ៉ាន់ និងធ្វើការផ្សេងទៀតដល់កណ្តាលអាធ្រាត្រដែលធ្វើឱ្យអ្នកសិល្បៈនិងអ្នកគាំទ្រជាច្រើនកោតសរសើរទៅកាន់ពិធីករដ៏ល្បីឈ្មោះរូបនេះ៕