ប្រទេសជប៉ុន ៖ អាងត្រី Aquarium នៅប្រទេសជប៉ុន បានចែករំលែករឿងរ៉ាវមួយគួរឱ្យចាប់អារម្មណ៍ក្នុងបណ្តាញសង្គម គឺអាងត្រីបានផ្អាកការចូលទស្សនាត្រីជាបណ្តោះអាសន្នដោយសារត្រូវជួសជុលកែលម្អ ហើយបុគ្គលិកសង្កេតឃើញថា ត្រីយក្សជាច្រើនក្បាលធ្វើខ្លួនប្លែកៗ អត់ព្រមស៊ីចំណី ។ ពីដំបូង បុគ្គលិកគិតថា ត្រីទាំងនេះមានជំងឺ ប៉ុន្តែការពិត ពួកវាពុំបានឈឺទេ ពួកវាឯកោព្រោះគ្មានមនុស្សទៅមើល ។
.png)
នេះពុំមែនជាការកំប្លែងទេ ប៉ុន្តែករណីនេះបានកើតឡើងពិតប្រាកដនៅប្រទេសជប៉ុន នៅពេលបុគ្គលិកអាងត្រី Aquarium សង្កេតឃើញត្រីយក្ស (Sunfish) ជាច្រើនក្បាលមានសភាពក្រៀមក្រំ និងឯកោ ។ បុគ្គលិកក៏ពុំដឹងថា តើគួរធ្វើដូចម្តេចដើម្បីឱ្យត្រីទាំងអស់រីករាយឡើងវិញ?
អាងត្រី Aquarium នេះឈ្មោះ «Kaikyokan» ស្ថិតនៅទីក្រុង Shimonoseki ភាគខាងត្បូងប្រទេសជប៉ុន ។ កាលពីខែធ្នូ ឆ្នាំ២០២៤ អាងត្រីបានបិទការចូលទស្សនាដើម្បីជួសជុលកែលម្អ ស្រាប់តែត្រីទាំងនេះក្រៀមក្រំ ដោយសារគ្មានមនុស្សចូលមើល ។ ពួកវាថែមទាំងឈប់ស៊ីចំណី ហើយចាប់ផ្តើមយកខ្លួនទៅត្រដុសជាមួយផ្ទាំងកញ្ចក់ចុះឡើង ទើបបុគ្គលិកគិតថា ពួកវាមានបញ្ហាពិបាករំលាយអាហារ ឬឆ្លងជំងឺ ។ ប៉ុន្តែការពិត ពុំមែនដូចការគិតទេ ។
បុគ្គលិកអាងត្រី បានសរសេរក្នុងបណ្តាញសង្គម X ថា ៖ «ពីដំបូង យើងពុំដឹងថា ពួកវាកើតអ្វីទេ ហើយនៅសុខៗ បុគ្គលិកម្នាក់និយាយថា ត្រីឯកោដោយសារអត់មានមនុស្សមកមើល ។ យើងគិតថា ពុំអាចទៅរួចទេ បន្ទាប់មក យើងសាកល្បងយករូបក្បាលមនុស្សមកបិទលើក្រដាស និងដាក់ឯកសណ្ឋានបុគ្គលិកនៅក្បែរផ្ទាំងកញ្ចក់ ដើម្បីឱ្យមើលទៅដូចមនុស្ស ។ ក្រោយធ្វើបែបនេះ ត្រីយក្សជាច្រើនក្បាលមានភាពស្រស់ថ្លាភ្លាម នាថ្ងៃបន្ទាប់» ។
មហាជនសួរថា តើខាងអាងត្រីដឹងដោយរបៀបណាថា ត្រីឯកោ? ខាងអាងត្រី និយាយថា តាមការសង្កេត គឺត្រី Sunfish តែងតែសម្លឹងទៅកាន់បរិវេណដែលមានរូបក្បាលមនុស្ស ហើយពួកវាក៏ហែលមកជិតទីនោះជាញឹកញាប់ ។ រីឯអាការៈឯកោ អត់ព្រមស៊ីចំណី ក៏លែងកើតឡើងទៀត ។
គួរបញ្ជាក់ថា មានវិធីជាច្រើនដើម្បីធ្វើឱ្យត្រីធំៗរីករាយ ។ ជាក់ស្តែង កាលពីឆ្នាំ២០២០ ជាពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតលើពិភពលោក អាងទឹកមួយកន្លែងនៅទីក្រុងតូក្យូ បានស្នើឱ្យអ្នកស្ម័គ្រចិត្តជជែកជាមួយត្រីក្នុងអាង ចំនួន៣០០ក្បាល ដែលពួកវាខ្មាស់អៀនពេលគ្មានមនុស្សមកមើល ៕










