ប្រទេសចិន ៖ សារព័ត៌មានស៊ីនហួរបានរាយការណ៍កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថា លោក Liu Jinsong នាយកកិច្ចការអាស៊ីនៅក្រោមក្រសួងការបរទេសចិនរំពឹងថា ប្រទេសថៃ និងមីយ៉ាន់ម៉ា នឹងចាត់វិធានការបង្ក្រា.ប ក្រុមឆបោ.ក តាមអនឡាញឆ្លងដែន ហើយពុំបណ្តោយឱ្យជនល្មើសរួចខ្លួន ។
លោក Liu បាននិយាយបែបនេះក្នុងពេលជួបពិភាក្សាជាមួយលោក ឆាត់ឆ័យ វិរិយៈវេជឆាគុន ឯកអគ្គរាជទូតថៃ និងលោក Tin Maung ឯកអគ្គរាជទូតមីយ៉ាន់ម៉ា នៅប្រទេសចិន ។ លោកបានបង្ហាញក្តីបារម្ភពីបញ្ហាការឆបោកតាមអនឡាញ និងពិភាក្សាជាមួយឯកអគ្គរាជទូតទាំងពីរប្រទេសឱ្យសហការបង្ក្រាបក្រុមបោកប្រាស់ឆ្លងព្រំដែន ។.png)
លោក Liu និយាយថា នាពេលថ្មីៗនេះ មានករណីការឆបោកតាមអនឡាញយ៉ាងច្រើននៅតំបន់ព្រំដែនថៃ និងមីយ៉ាន់ម៉ា ហើយវាបានគំរាមកំហែង និងបង្កការខូចខាតដល់ពលរដ្ឋចិន និងពលរដ្ឋប្រទេសផ្សេងៗ ។ ហេតុនេះ ចិនសង្ឃឹមថា ថៃ និងមីយ៉ាន់ម៉ា នឹងផ្តល់ភាពសំខាន់លើបញ្ហានេះ ដោយអនុវត្តវិធានការរឹតបន្តឹងដើម្បីបង្ក្រាបអំពើទុច្ចរិត, ផ្តល់សុវត្ថិភាព, ការពារទ្រព្យសម្បត្តិពលរដ្ឋ និងពុំបណ្តោយឱ្យជនល្មើសរួចខ្លួន ។

ចិនរីករាយចូលរួមសហការអនុវត្តច្បាប់ទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីផ្តល់សុវត្ថិភាពក្នុងតំបន់, រក្សាសណ្តាប់ធ្នាប់ជាមួយប្រទេសជិតខាង ព្រមទាំងសហការលើវិស័យទេសចរណ៍ និងវប្បធម៌ ។
.png)
ចំណែកឯកអគ្គរាជទូតថៃ និងមីយ៉ាន់ម៉ានៅប្រទេសចិន និយាយថា ប្រទេសទាំងពីរផ្តល់ភាពសំខាន់លើការបារម្ភរបស់ចិន និងសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍ឆបោកអនឡាញដែលកើតឡើង ។ ឯកអគ្គរាជទូតទាំង២រូបបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ក្នុងការបង្ក្រាបការឆបោកតាមរយៈការអនុវត្តវិធានការតឹងរ៉ឹង និងកិច្ចសហការអន្តរជាតិ ។
ឯកអគ្គរាជទូតទាំង២រូបសន្យាថា នឹងព្យាយាមគ្រប់វិធីដើម្បីជួយជនរងគ្រោះក្នុងអំពើបោកប្រាស់ និងដាក់ទោសយ៉ាងធ្ងន់លើជនល្មើស ។ ក្រៅពីនេះ ថៃ និងមីយ៉ាន់ម៉ា នឹងរឹតបន្តឹងនៅតាមតំបន់ព្រំដែន និងតំបន់សំខាន់ៗ ព្រមទាំងបង្កើតយន្តការរយៈពេលវែងលុបបំបាត់ទីតាំងបោកប្រាស់ឆ្លងព្រំដែន ៕










