ថ្មីៗនេះអង្គការ NASA កំពុងសិក្សាអំពីខ្យល់បំពុលនៅតំបន់អាស៊ីអាគ្នេយ៍ ដោយគ្រោងបង្កើត «ឧបករណ៍ជូនដំណឹង ឬរបៀបប្រកាសអាសន្ន» ដល់ប្រទេសទាំងនោះ ដើម្បីការពារខ្លួនពីបរិយាកាសដ៏អាក្រក់ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រួមទាំងដើម្បីអង្កេតករណីភ្លើងឆេះព្រៃនៅពេលដែលមានអាកាសធាតុស្ងួត ក្នុងន័យជូនដំណឹងទៅក្រុមពន្លត់អគ្គិភ័យ នៅតាមប្រទេសឱ្យបានទាន់ពេលវេលាផងដែរ។

គម្រោងនេះរួមបញ្ចូលទិន្នន័យផ្កាយរណបដែលអាចរកបានជាសាធារណៈ និងបច្ចេកវិទ្យាភូមិសាស្ត្រ ដើម្បីជួយសហគមន៍នៅទូទាំងអាស៊ីអាគ្នេយ៍សម្របខ្លួនទៅនឹងបញ្ហាអាកាសធាតុក្នុងតំបន់ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ យោងតាមការចុះផ្សាយរបស់ NASA Earth បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងធ្វើដំណើរទៅសិក្សានៅប្រទេសថៃ ដែលជាប្រទេសមួយមានបរិយាកាសខ្យល់បំពុលអាក្រក់បំផុតនៅអាស៊ីអាគ្នេយ៍។

ពួកគេបានសិក្សាដោយផ្តោតទៅលើគុណភាពខ្យល់ទាំងនៅលើដី ក្នុងដែនអាកាស និងពីទីអវកាស រួមទាំងហោះហើរឆ្លងកាត់តំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍ ដើម្បីបង្កើតការយល់ដឹងកាន់តែរឹងមាំអំពីការបំពុលខ្យល់ និងផលប៉ះពាល់សុខភាព។ យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា មូលហេតុចម្បងដែលបណ្តាលឱ្យមានខ្យល់បំពុលគឺកើតឡើងដោយសារប្រភពមកពីធម្មជាតិ ដូចជាការដ្ឋានសំណង់ ផ្សែងរោងចក្រ យានយន្ត កន្លែងចាក់សំរាម កន្លែងកសិកម្ម ភ្លើងឆេះព្រៃ និងការដុតសំរាមជាដើម។ 
ដូច្នេះក្នុងអំឡុងខែមីនា និងមេសា សកម្មភាពដូចជាដុតស្រែ-ចំការ រួមទាំងផ្សែងរោងចក្រ យានយន្តនឹងបញ្ចេញភាគច្រើនក្នុងអំឡុងពេលនេះ ដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ហេតុនេះឧបករណ៍ជូនដំណឹង ឬរបៀបប្រកាសអាសន្ន ដែល NASA គ្រោងបង្កើតនឹងជួយដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ឱ្យការពារខ្លួនទាន់ពេលវេលា។ ទោះជាយ៉ាងណាឧបករណ៍ទាំងនេះមិនទាន់បង្កើតនៅឡើយទេ ដោយសព្វថ្ងៃអ្នកវិទ្យាសាស្ត្រគឺកំពុងស្ថិតក្នុងការសិក្សានិងស្រាវជ្រាវនោះទេ។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មិនថាប្រទេសកម្ពុជាយើង ឬក៏ប្រទេសជិតខាងនោះទេ សុទ្ធតែរងនូវអាកាសធាតុអាក្រក់ ដូចជាចុះអ័ព្ទ និងខ្យល់បំពុលជាច្រើន ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្សបាន។ ខ្យល់ធូលីនេះនឹងចូលទៅក្នុងប្រព័ន្ធដកដង្ហើមតាមរន្ធច្រមុះ ក៏ដូចជាចូលទៅក្នុងថង់ខ្យល់នៃសួត ដែលបណ្តាលឱ្យមានប្រតិកម្មអាឡែហ្សី បញ្ហារលាកស្បែក រលាកផ្លូវដង្ហើម និងរមាស់ភ្នែករ៉ាំរ៉ៃ។ ហេតុនេះវិធីសាស្ត្រចម្បងដើម្បីការពារអំឡុងពេលដែលមានការបំពុលខ្យល់ គឺត្រូវជៀសវាងសកម្មភាពខាងក្រៅផ្ទះ បិទទ្វារបិទបង្អួចឱ្យបានជិតល្អ ហើយរាល់ពេលចេញក្រៅក៏ត្រូវពាក់ម៉ាស់និងវែនតាជាប់ជានិច្ចផងដែរ៕










