តារាចម្រៀង សុគន្ធ ថេរ៉ាយុ បាននិយាយនៅក្នុងបទសម្ភាសន៍ថាការបាត់មុខរបស់លោកក្នុងវិស័យសិល្បៈរយៈពេល២ឆ្នាំដោយសារតែលោកមានជំងឺឌីប្រេសសិនដល់កម្រិតមួយ ខ្លាចមនុស្សច្រើន ថែមទាំងមានជំងឺថប់បារម្ភមកជាមួយទៀត។
.png)
ក្នុងកម្មវិធី អ្នកជិតខាង តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានផ្តល់បទសម្ភាសន៍ថា លោកបាត់មុខពីសិល្បៈប្រហែលជាជិត២ឆ្នាំដោយមិនចេញបទចម្រៀង ឡើងឆាក អ្វីទាំងអស់។ ដំបូងឡើយលោកមិនដឹងថាខ្លួនមានជំងឺឌីប្រេសសិននោះទេ ដោយមានពេលមួយលោកត្រូវឡើងច្រៀងនៅស្ថានីយ៍ទូរទស្សន៍មួយប៉ុន្តែថ្ងៃនោះត្រូវ Live ទៀតតែលោកឡើងអត់បានមានអារម្មណ៍ថាភ័យចង់គាំងបេះដូងហើយថាតែលោកឡើងនឹងសន្លប់និងបានសុំខាង Producer ផ្អាកការសម្តែង។
តារាចម្រៀងរូបនេះបានទម្លាយទៀតថា បន្ទាប់មកលោកចាប់ផ្តើមមានអារម្មណ៍នៅតែខ្លាចឃើញមនុស្សខ្លាចតែម្តងឱ្យតែមនុស្សច្រើនដូចជាញ័រដៃជាដើម។ លោកបន្តទៀតថា បន្ទាប់ពីបង្ហោះលើហ្វេកប៊ុកពីអាការៈខ្លួនទទួលបានការណែនាំផ្តល់យោបល់ពីលោក ណាំ ប៉ុណ្ណារ័ត្ន សង្ស័យកើតជំងឺឌីប្រេសសិនដូចជាខ្លួននិងបានណែនាំដុកទ័រឱ្យលោក។ បន្ទាប់ពីទៅជួបគ្រូពេទ្យហើយគឺទទួលបានពិន្ទុធ្ងន់ចំពោះស្ថានភាពរបស់ខ្លួនមានទាំងជំងឺឌីប្រេសសិននិងថប់បារម្ភ។
ម្ចាស់បទ«ម្នាក់ឯងអត់អីទេ» បានចែករំលែកទៀតថាមានពេលមួយរយៈពេលពេញ១ខែគឺលោកនៅតែក្នុងបន្ទប់ តែចេញជួបមនុស្សគឺធ្វើទុក្ខធ្វើឱ្យខូចកម្មវិធីគេខណៈថាដំបូងឡើយលោកសឹងតែមិនចង់ទៅជួបពេទ្យទេដោយសារតែមានគេថាអ្នកកើតជំងឺនេះឆ្កួតប៉ុន្តែទទួលបានការលើកទឹកចិត្តពីអ្នកផ្ទះទើបទៅពិភាក្សាការព្យាបាលនិងបានធូរស្បើយប៉ុន្តែក៏មិនហ៊ានចូលប្រឡូកសិល្បៈវិញដែរ។ លោកបន្ថែមទៀតថាក្រោយមកបានជួបដៃគូសហការបើក Business មួយហើយកាន់តែឃ្លាតឆ្ងាយពីសិល្បៈព្រោះតែរវល់រឿងការរកស៊ីហើយធ្វើឱ្យលោកខានចូលសិល្បៈថែមពី៣ទៅ៤ឆ្នាំទៀតហើយវាចូលជិត៥ឆ្នាំដែលលោកបាត់ពីសិល្បៈ។
ក្រោយពីវិលចូលសិល្បៈវិញ សុគន្ធ ថេរ៉ាយុ បង្ហាញសកម្មភាពនៅក្រោមផលិតដដែលគឺផលិតកម្មថោននិងបានចេញបទចម្រៀងជាបន្តបន្ទាប់និងទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ក្នុងអាជីពលេចមុខតាមកម្មវិធីប្រគំតន្រ្តីនានាជាច្រើន៕










