សហរដ្ឋអាមេរិក៖ នេះជាលើកទីពីរហើយ ដែលភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័សលើផ្ទៃដី ៣២ គីឡូម៉ែត្រការ៉េ ដោយបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញជាបន្ទាន់។
យោងតាមកាសែត CBS News អគ្គីភ័យដែលមានឈ្មោះថា Hughes បានឆាបឆេះនៅម៉ោងប្រហែល ១០:៤២ នាទីព្រឹកនាថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅតំបន់ផ្លូវ Lake Hughes ក្បែរបឹង Castaic ចម្ងាយប្រហែល ៨០ គីឡូម៉ែត្រពីទីប្រជុំជន Los Angeles នៃរដ្ឋ California សហរដ្ឋអាមេរិក។
ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនេះបានឆាបឆេះតំបន់ភ្នំក្បែរបឹង Castaic ដោយរាលដាលយ៉ាងឆាប់រហ័ស និងគ្របដណ្តប់លើផ្ទៃដីជាង ៣,២០០ ហិកតាក្នុងរយៈពេលពីរបីម៉ោងប៉ុណ្ណោះ។ ភ្លើងកាន់តែពិបាកគ្រប់គ្រង ដោយសារតំបន់នេះរងផលប៉ះពាល់ដោយសារខ្យល់ខ្លាំងនៅ Santa Ana និងអាកាសធាតុស្ងួត។ បច្ចុប្បន្នភ្លើងមិនទាន់រលត់ទេ ដោយវានៅតែបន្តឆាប់ឆេះឥតឈប់ឈរ និងរាលដាលជាច្រើនកន្លែង។.png)
លោក Robert Luna មេបញ្ជាការខោនធី Los Angeles បាននិយាយថា មនុស្ស ៣១,០០០ នាក់បានជម្លៀសចេញភ្លាមៗ ខណៈមនុស្ស ២៥,០០០ នាក់ទៀតកំពុងស្ថិតនៅក្រោមការព្រមានអំពីការជម្លៀស។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងទៀតថា ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ាគឺមិនមានភ្លៀងធ្លាក់អស់រយៈពេល ៩ ខែហើយ ជាហេតុធ្វើឱ្យអាកាសធាតុនៅទីនេះស្ងួតខ្លាំង។ ទោះជាយ៉ាងណាយោងតាមការព្យាករណ៍ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមករានេះ តំបន់ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ាទំនងនឹងមានភ្លៀងធ្លាក់ដែលនឹងធ្វើឱ្យស្ថានភាពប្រសើឡើងវិញ។.png)
គួរបញ្ជាក់ដែរថា ចាប់តាំងពីមានហេតុការណ៍ភ្លើងឆេះព្រៃកាលពីថ្ងៃទី៧ ខែមករាមក តំបន់ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា ជាពិសេសទីក្រុង Los Angeles គឺបានសម្លាប់មនុស្ស ២៨ នាក់ហើយ ក៏ដូចជាបំផ្លាញសំណង់ជិត ១៦,០០០ រួមទាំងបង្កឱ្យមានការខូចខាត និងការខាតបង់សេដ្ឋកិច្ចចំនួនជាង ២៥០ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការប៉ាន់ប្រមាណរបស់អ្នកព្យាករណ៍ឯកជន AccuWeather៕










