ថ្មីៗនេះ ព្រឹត្តិការណ៍សរសេរតាមអានជាប្រវត្តិសាស្រ្ត សំណេរអង្គរលើកទី ២ ដែលប្រព្រឹត្តិទៅដោយរលូនលើទឹកនៃខេត្តសៀមរាប ហាក់ទទួលបានចំណាប់អារម្មណ៍ខ្លាំងពីមហាជន ដោយរួមបេក្ខជនប្រឡងគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈតែម្តង មិនប្រកាន់អាយុ ភេទ ជាតិសាសន៍ ពណ៌សម្បុរឡើយ។
កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ ព្រឹត្តិការណ៍សំណេរអង្គរ ដែលប្រព្រឹត្តិទៅនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត ដែលមានអ្នកចូលរួមប្រឡងប្រមាណនឹង ១២២០ អង្គ/នាក់ ព្រមជាមួយនឹងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ដោយសង្កេតឃើញថា បេក្ខជនប្រឡងដែលមានអាយុតិចជាងគេ វ័យត្រឹមតែ ៦ ឆ្នាំ ក៏មានឆន្ទៈប្រឡងលើកស្ទួយអក្សសាស្រ្តជាតិផងដែរ ខណៈក៏មានបេក្ខជនចំណាស់ជាងគេ មានវ័យរហូតដល់ ៨១ ឆ្នាំ គឺឈ្មោះថា លោកតា ឡាច រិ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ តាមរយៈព្រឹត្តិការណ៍សំណេរដ៏ធំឆ្នាំនេះក៏មានការចូលរួមពីសំណាក់ជនបរទេស និងអនិកជនខ្មែរជាច្រើនរូបផងដែរ ហើយសូម្បីតែជនពិការក៏បានរួមវត្តមានប្រឡងដែរ ខណៈទទួលបាននូវការកោតសរសើរព្រោងព្រាត។
សូមជម្រាបថា កម្មវិធីសំណេរអង្គរលើកទី២ បានបញ្ចប់ដោយជោគជ័យនាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ដោយបានរកឃើញបេក្ខជនជាប់ជ័យលាភីចំនួន ៦រូប។ ជ័យលេភី គឺបែកចែកចេញជា ២ក្រុម គឺការក្រកួតជ័យលាភីអាយុចាប់ពី១៨ឆ្នាំចុះក្រោម ចំណាត់ថ្នាក់លេខ ១ បេក្ខជន រ៉េន វត្ថនា, លេខ២ បេក្ខជន កឿន ពុទ្ធិរតន៍, និងលេខ ៣ បេក្ខជន ណែត ស៊ីដា។ ចំពោះបេក្ខជនប្រកួតជាប់ជ័យលាភីសម្រាប់អាយុចាប់ពី១៩ឆ្នាំឡើងទៅ មានបេក្ខជន ជា សាវី ជាប់លេខ១, បេក្ខជន យ៉ុន បញ្ញា ជាប់លេខ២, និងបេក្ខជន យុយ ស្រីណុច ជាប់លេខ៣។
គួរម្លឹកថា ព្រឹត្តិការណ៍សំណេរអង្គរលើកទី១ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៤ និងលើកទី២ នាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ខណៈក៏មានសន្ទុះនូវការគាំទ្រយ៉ាងខ្លាំងក្លា ដោយសង្ឃឹមថានឹងមានការប្រឡងឆ្នាំក្រោយៗទៀតផងដែរ៕










